ព័ត៌មានអន្តរជាតិ

លោក Trump បន្ទោស និងរិះគន់ចំៗ ផែនការធ្វើឃាតរូបលោក ពាក់ព័ន្ធទៅនឹងក្រុមបក្ស ប្រជាធិបតេយ្យ

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតី អាមេរិក លោក Donald Trump បានលើកឡើងថា វោហាសាស្ត្រ ដែលចេញមកពីគណបក្ស ប្រជាធិបតេយ្យ ដែលពណ៌នាគាត់ថា ជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោត ប្រហែលជាបានរួមចំណែក ដល់ការប៉ុនប៉ង នាពេលថ្មីៗនេះលើជីវិតរបស់គាត់ ។

កាល​ពី​ថ្ងៃ​អាទិត្យ ទីភ្នាក់ងារ​សម្ងាត់​បាន​ចាប់ខ្លួនបានខ្មាន់​កាំភ្លើង​ម្នាក់ ​កំពុង​លាក់​ខ្លួន​ក្នុង​គុម្ពោត​ព្រៃ​នៅ​ទីលាន​វាយ​កូន​ហ្គោល​របស់​លោក Trump ក្នុង​ក្រុង West Palm Beach រដ្ឋ Florida។ ភ្លាមៗនោះ ជនសង្ស័យ បានរត់គេចខ្លួនតាមរថយន្ត ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ដោយសារតែសាក្សី ដែលបានរៀបរាប់និងបង្ហាញដាន អំពីរថយន្តនេះដល់ប៉ូលីស។

នៅក្នុងបទសម្ភាសន៍ដ៏វែង មួយនៅលើបណ្តាញ សង្គម X កាលពីថ្ងៃចន្ទ លោក Trump បានបរិយាយនៅលើគណនី របស់គាត់អំពីព្រឹត្តិការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើល និងបានអត្ថាធិប្បាយលើការពិត ដែលថា វាជាការប៉ុនប៉ងលើកទីពីរ ដើម្បីសម្លាប់គាត់ក្នុងរយៈពេល ប្រហែល២ខែប៉ុណ្ណោះ ។

រំលឹកដែរថាឧប្បត្តិហេតុដំបូង បានកើតឡើងនៅឯការប្រមូលផ្តុំយុទ្ធនាការ មួយនៅជិត Butler រដ្ឋ Pennsylvania នៅពាក់កណ្តាលខែកក្កដា នៅពេលដែលបំណែកគ្រាប់កាំភ្លើងបានខ្ទាតប៉ះនឹងធ្វើឲ្យរបួសត្រចៀក របស់លោក Trump ។

យ៉ាងណាក្តីលោក Trump បានសម្តែងការសរសើរ ចំពោះទីភ្នាក់ងារសម្ងាត់ និងការិយាល័យតម្រួតនៅ West Palm Beach County សម្រាប់ការដោះស្រាយឧប្បត្តិហេតុ កាលពីថ្ងៃអាទិត្យនៅរដ្ឋFloridaហើយ គាត់បាននិយាយថា មិនដូចនៅរដ្ឋ Pennsylvania ទេ មិនមានអ្នកស្លាប់ ឬរបួសទេ ហើយជនសង្ស័យ ឥឡូវត្រូវបានឃុំខ្លួន ដែលជាលទ្ធផលដ៏អស្ចារ្យ៕

ប្រែសម្រួល៖ស៊ុនលី

To Top