ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវប្រុងប្រយ័ត្ន ចំពោះធាតុអាកាស ដែលមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាស ដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ។

តាមរយៈសេក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី១៨ កញ្ញា នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះ ទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគង្គ។

ក្រសួង បន្ដថា ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំង លើព្រះរាជាណាចក្រ កម្ពុជា ហើយលក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យ៖

១-តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមាន ខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យម ដែលរួមមានដូចជា ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។

២-តំបន់ខ្ពង់រាប៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង រឿង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មត កម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បកក្នុងកម្រិតល្បឿនបង្ករ ដែលរួមមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។

៣-តំបន់មាត់សមុទ្រ៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មត និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែល រួមមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា «សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាល ឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ»៕

To Top