ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពីសមិទ្ធផលសុខាភិបាល សម្រាប់មន្រ្តីរាជការក្រោមឱវាទ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១៧ កញ្ញា បានធ្វើបទបាឋកថា លើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣ ៨១៥នាក់។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីការអភិវឌ្ឍរបស់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសនៅក្នុងរយៈពេល ១ឆ្នាំ នៃអាណិត្តទី៧ របស់រាជរដ្ឋាភិបាល និងបានលើកតម្កល់សមិទ្ធិផល នៃការអភិវឌ្ឍន៍ទាំងនេះ ជាស្នាដៃរួមរបស់មន្រ្តីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបអង្គជួបជុំពីវេទិកាពិភាក្សាជាមួយក្លឹបអ្នកកាសែត ដែលក្នុងវេទិកានេះ បានបង្ហាញពីសមិទ្ធិផលរបស់វិស័យសុខាភិបាល រួមនឹងស្ថានភាពសុខភាព និងកត្តាកំណត់សុខភាព ការប្រឈមមុខ និងឱកាសសម្រាប់ដែលនឹងត្រូវកែលំអបន្តទៀត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាល គ្រប់លំដាប់ថា្នក់មានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយ ឧបសគ្គទាំងឡាយ ឲ្យក្លាយទៅជាឱកាស ដើម្បីធ្វើឲ្យវិស័យសុខាភិបាល កាន់តែមានភាពប្រសើរឡើង។ ជាឧទាហរណ៍ ជាក់ស្តែងរដ្ឋមន្រ្តី បានចុះពិនិត្យមណ្ឌលសុខ ភាព ហ៊ុនសែន កែវផុស នៃខេត្តព្រះសីហនុ ដោយមិន ប្រាប់មុន ហើយពិនិត្យឃើញថា មណ្ឌលសុខភាពមានការវិវត្តន៍ ច្រើនពីកាលកន្លងមក ដោយពេលនេះមណ្ឌលសុខភាពមានអនាម័យល្អ មានបុគ្គលិកផ្តល់សេវាបានយ៉ាងល្អ។ បន្ថែមពីលើនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ព័ត៌មានត្រឡប់ ដល់មណ្ឌលសុខភាព សម្រាប់ធ្វើការកែលំអបន្ថែមលើការបដិសណ្ឋារកិច្ច និងលក្ខណៈបច្ចេកទេស។ ក្នុងនោះដែរ សាស្រ្តាចារ្យ ក៏បានលើកទឹកចិត្តមន្រ្តីសុខាភិបាលទូទាំង ប្រទេសបន្តកែលំអឲ្យកាន់តែប្រសើរឡើង ។

បន្ទាប់មកសាស្ត្រាចារ្យបានអនុញ្ញាត ដល់ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វើបទបង្ហាញដោយប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់ សេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យ៕

To Top