ខេត្តតាកែវ និងខេត្តកំពត៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទៅពិនិត្យទំនប់អាងទឹកអូររំដួល នៅភូមិត្រពាំងចក និងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ និងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ របស់សហគមន៍កសិកម្មស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដីទាំង៣រូប ក៏បានអញ្ជើញទៅពិនិត្យអាងទឹកអូររំដួល, ការដាំដំណាំបន្លែតាមបច្ចេកទេសក្នុងផ្ទះសំណាញ់ទំនើប និងផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែ ប្រវែងផ្លូវ៖ ៣,៣៨៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិត្រពាំងស្រង៉ែ និងភូមិអង្គត្នោត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ ជាប្រភេទផ្លូវក្រាលកៅស៊ូ ពីរជាន់ (DBST) ទទឹង ៦ម៉ែត្រ ចិញ្ជើមសងខាង ១ម៉ែត្រ សាងសង់លូមូលចំនួន ១០កន្លែង ,ស្លាកសញ្ញាចរាចរណ៍ចំនួន ៣៤ស្លាក ,ដាំបង្គោលសុវត្ថិភាពចរាចរណ៍ចំនួន ២៨៧បង្គោល។ ការដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពី ខែសីហា ឆ្នាំ២០២៣ លទ្ធផលសម្រេចបាន ៩៤ % គ្រោងនឹងបញ្ចប់ ក្នុងខែ មករា ឆ្នាំ២០២៥ ។
បន្ទាប់មក លោករដ្ឋមន្រ្ដីទាំង ៣រូប និងប្រតិភូអមដំណើរ បានអញ្ជើញទៅសំណេះសំណាល ជាមួយគណៈកម្មការសហគមន៍កម្មសិកសានៅសហគមន៍ត្រពាំងចក ឃុំត្រាំកក់ និងប្រជាពលរដ្ឋនៅទំនប់ទឹកស្ទឹងភេ ស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងបានទទួលដោះស្រាយសំណូមពរពីប្រជាពលរដ្ឋ ក្នុងនោះមាន វិស័យអភិវឌ្ឍន៍ជនបទ វិស័យកសិកម្ម និងវិស័យធនធានទឹក ៕