ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យបណ្តាប្រទេសមូស្លីម កាត់ផ្តាច់ ទំនាក់ទំនងជាមួយអ៊ីស្រាអែល

RT NEWS

បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា បណ្តាប្រទេសមូស្លីមជុំវិញពិភពលោក គួរតែកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Khamenei បាននិយាយនៅក្នុងសន្និសីទរួបរួមអ៊ីស្លាមនៅទីក្រុង តេហេរ៉ង់ កាលពីថ្ងៃសៅរ៍ ដោយបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងយុទ្ធនាការយោធាជិតមួយឆ្នាំរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ បើយោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាលរបស់ប៉ាឡេស្ទីន គឺមានប្រជាជនប៉ាឡេស្ទីនជាង ៤១.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះរហូតមកដល់បច្ចុប្បន្ន ។

លោក Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានអះអាងថា អ៊ីស្រាអែលបើកចំហចំពោះឧក្រិដ្ឋកម្មដែលខ្លួនប្រព្រឹត្តនៅក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។

គណនី X ដែលបកប្រែ និងចែករំលែកសេចក្តីថ្លែងការណ៍របស់លោក Khamenei បានដកស្រង់សម្តីមេដឹកនាំអ៊ីរ៉ង់ថា “សព្វថ្ងៃនេះ របប Zionist ប្រព្រឹត្តឧក្រិដ្ឋកម្មដោយគ្មានភាពអៀនខ្មាស និងដោយគ្មានការលាក់បាំង” នៅទីក្រុង Gaza តំបន់ West Bank លីបង់ និងស៊ីរី ។

សូមជម្រាបថា ភាពតានតឹងរវាងអ៊ីស្រាអែល និងប្រទេសមូស្លីមជិតខាងបានកើនឡើងក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់រដ្ឋជ្វីហ្វ (អ៊ីស្រាអែល) នៅហ្គាហ្សា។ យុទ្ធនាការរបស់អ៊ីស្រាអែល គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធ បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.១០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top