បច្ចេកវិទ្យា

បណ្តាញសង្គម Telegram នឹងបង្ហាញអំពីទិន្នន័យរបស់អ្នកប្រើប្រាស់ នៅពេលមានការស្នើសុំពីអាជ្ញាធរ

AFP

ម៉ូស្គូ៖ លោក Pavel Durov សហស្ថាបនិកបណ្តាញសេវាកម្មផ្ញើសារ បានលើកឡើងកាលពីថ្ងៃចន្ទ នៅលើបណ្តាញ Telegram របស់គាត់ដូច្នេះថា អាចនឹងបង្ហាញ ទិន្នន័យរបស់អ្នកប្រើប្រាស់ នៅពេលមានការស្នើសុំពីអាជ្ញាធរ ។


លោក Durov បានលើកឡើងថា “យើងបានបញ្ជាក់យ៉ាងច្បាស់ថា អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកដែលបំពានច្បាប់របស់យើងអាចត្រូវបានបង្ហាញដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណើផ្លូវច្បាប់ដែលមានសុពលភាព”  ដោយបានបញ្ជាក់ថា អ្នកនាំសារបានធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌប្រើប្រាស់ និងជាគោលការណ៍ឯកជនភាពរបស់ខ្លួនរួចហើយ និងធ្វើឲ្យពួកគេបង្ហាញឲ្យដឹងនៅទូទាំងពិភពលោក ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរបែបនេះត្រូវបានណែនាំដើម្បី “រារាំងសម្រាប់បទឧក្រិដ្ឋជនបន្ថែមទៀតពីការបំពានមកលើបណ្តាញសង្គម Telegram Search” ។

លោក Durov ក៏បានចង្អុលបង្ហាញថា អ្នកប្រើប្រាស់មួយចំនួនកំពុងបំពានមុខងារស្វែងរករបស់ Telegram ដើម្បីលក់ទំនិញដោយខុសច្បាប់ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមនៃវេទិកានេះបានដកចេញនូវខ្លឹមសារដែលមានបញ្ហាទាំងអស់ពីការស្វែងរកនៅក្នុងប៉ុន្មានសប្តាហ៍នាពេលថ្មីៗនេះរួចហើយ។

លោក Durov មានដើមកំណើតនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានឃុំខ្លួននៅទីក្រុងប៉ារីស កាលពីខែមុន ហើយក្រោយមកត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំដោយបង់ប្រាក់ធានាចំនួន៥លានអឺរ៉ូ ស្មើនឹងប្រហែល៥,៦លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការចោទប្រកាន់  រួមទាំងការមិនធ្វើសកម្មភាពប្រឆាំងនឹងអ្នកប្រើប្រាស់លើបណ្តាញ Telegram ពាក់ព័ន្ធនឹងការគំរាមកំហែងតាមអ៊ីនធើរណេត ការចែករំលែកខ្លឹមសារទាក់ទងនឹងរឿងផ្លូវភេទ និងការលើកតម្កើងអំពើភេរវកម្មជាដើម ។

គាត់ត្រូវបានគេដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមមិនឱ្យចាកចេញពីប្រទេសបារាំង ជាដាច់ខាត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top