បរទេស៖ ការនាំចូលប្រេងរបស់ប្រទេសឥណ្ឌា ពីប្រទេសរុស្ស៊ីបានកើនឡើងនៅក្នុងខែកញ្ញា ខណៈដែលតម្រូវការសរុបសម្រាប់អ៊ីដ្រូកាបូន បានកើនឡើងមុនរដូវកាលពិធីបុណ្យ Diwali ។ នេះបើយោងតាមក្រុមហ៊ុនវិភាគ Kpler ដូចដែលបានរាយការណ៍ដោយ Indian Express ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការនាំចេញពីរុស្ស៊ីទៅឥណ្ឌាបានកើនឡើង ៦,៤% បើធៀបនឹងខែសីហា កើនដល់ ១,៨៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹង ៤០,២% នៃការនាំចូលសរុបរបស់ទីក្រុង New Delhi។
អ្នកវិភាគបានកត់សម្គាល់ការកើនឡើង គួរឱ្យកត់សម្គាល់នៃបរិមាណនាំចូល ដោយសារតែការរំពឹងទុក នៃប្រតិបត្តិការឡើងវិញនៅរោងចក្រចម្រាញ់ ប្រេងភាគច្រើនដែលកំពុងដំណើរការថែទាំ ចាប់ផ្តើមនៅក្នុងខែតុលា។
កាសែត Indian Express បានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌាគឺ មានភាព «រសើបខ្លាំង ឬ ការចាប់អារម្មណ៍ខ្លាំងពីប្រជាជន» ចំពោះតម្លៃប្រេង។ ទោះបីជាការបញ្ចុះតម្លៃលើប្រេងឥន្ធនៈ របស់រុស្ស៊ីបានរួមតូចតាមពេលវេលាក៏ដោយ ក៏ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌានៅតែចាប់អារម្មណ៍ ដោយសារបរិមាណនាំចូលខ្ពស់ សូម្បីតែកម្រិតបញ្ចុះតម្លៃទាប នាំឱ្យមានការសន្សំច្រើន។
លោក Viktor Katona ប្រធានផ្នែកវិភាគប្រេងនៅ Kpler បានកត់សម្គាល់ថា ការរំពឹងទុកនៃការកាត់បន្ថយការទិញរបស់ឥណ្ឌាពីរុស្ស៊ី មិនបានសម្រេចទេ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យបានបង្ហាញពីការកើនឡើង គួរឱ្យកត់សម្គាល់នៃការនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយតម្លៃរបស់ខ្លួនក្នុងការប៉ុនប៉ង ដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា៕
ប្រែសម្រួលៈ ណៃ តុលា