ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ។
ការបង្ហាញនូវការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ ខាងលើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលសម្តេចធិបតី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងឱកាសនេះ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ដោយលោកនាយករដ្ឋមន្ត្រីឡាវ បានកោតសរសេីរ និង វាយតម្លៃ ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បាន សម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់លោកនាយករដ្ឋមន្ត្រីឡាវ ចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។
ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ និង សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ និង ការកសាងហេដ្ឋារចនា សម្ព័ន្ធ តភ្ជាប់ប្រទេសទាំងពីរ៕