ប្រ៊ុចសែល៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់មួយនៅតំបន់មជ្ឈិមបូព៌ា ដោយប្រកាសថាវាជា “មធ្យោបាយតែមួយគត់” ក្នុងការធានាការដោះលែងចំណាប់ខ្មាំង និងកាត់បន្ថយការកើនឡើងនៃគ្រោះថ្នាក់ និងស្ថានភាពនៅទីនោះ។
ដោយរំលឹកខួបមួយឆ្នាំ នៃជម្លោះតំបន់ហ្គាហ្សាបច្ចុប្បន្ន លោកបានសង្កត់ធ្ងន់ លើការគំរាមកំហែងជាសកល ដែលបង្កឡើងដោយអំពើហិង្សា ដែលកំពុងបន្ត ដោយសន្យាថានឹងធ្វើការជាមួយដៃគូអន្តរជាតិ ឆ្ពោះទៅរកបទឈប់បាញ់មួយ។
លោកបានលើកឡើងថា “ប្រជាជននៅក្នុងតំបន់មានភាព អសន្តិសុខជាងពេលណាៗទាំងអស់ ហើយត្រូវបានជាប់នៅក្នុងវដ្តនៃអំពើហិង្សា ការស្អប់ និងការសងសឹកដែលមិនចេះចប់”។
លោកបានគូសបញ្ជាក់ពីចំនួនអ្នកស្លាប់ ដ៏សាហាវនៃជម្លោះដោយកត់សម្គាល់ថា មនុស្សជាង ៤១,០០០នាក់ភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ ខណៈដែលពលរដ្ឋ ភាគច្រើនត្រូវបានផ្លាស់ទីលំនៅ ដោយផ្នែកដ៏ធំនៃតំបន់ជុំវិញត្រូវបាន កាត់បន្ថយទៅជាកម្ទេចថ្មដោយ ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ ប្រជាជនកំពុងទទួលរងនូវភាពអត់ឃ្លាន និងជំងឺ ខណៈដែលអ៊ីស្រាអែល រក្សាការឡោមព័ទ្ធតំបន់ហ្គាហ្សាស្ទ្រីប។
លោកបានបន្ថែមថាស្លាកស្នាមនៃ របួសដ៏ឈឺចាប់បានរត់ចូលទៅជ្រៅ ហើយប្រជាជនប៉ាឡេស្ទីន មិនអាចមើលឃើញអនាគត ណាមួយបាននោះទេ លុះត្រាតែសិទ្ធិរបស់ពួកគេត្រូវបានគោរព។
លោកបានបន្ដថា សហភាពអឺរ៉ុបមិនពេញចិត្ត និងបដិសេធ ការកើនឡើងនៃអំពើហិង្សានៅមជ្ឈិមបូព៌ា រួមទាំងការបាញ់រ៉ុក្កែតរបស់ក្រុមហេសបូឡា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅលីបង់ ការផ្លាស់ទីលំនៅរបស់ជនជាតិលីបង់ ជាងមួយលាននាក់ និងជនជាតិអ៊ីស្រាអែល ៦ម៉ឺន នាក់ ភាពតានតឹងកើនឡើងពីការ វាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ និងការព្រួយបារម្ភជុំវិញការអភិវឌ្ឍន៍នៅ West Bank ជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា