ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ស្នើម្ចាស់រោងម៉ាស៊ីនក្នុងស្រុក ស្ទោង ជួយប្រមូលទិញស្រូវពីកសិករ

កំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB និង សហការីនៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៤ កន្លែង ស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ទន្ទឹមនោះដែរ លោកបណ្ឌិត កៅ ថាច ក៏បានស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាពតាមអ្វីដែលអាចធ្វើបាន ដើម្បីកុំឲ្យស្រូវរបស់ប្រជាកសិករចាល់ ឬធ្លាក់តម្លៃលើទីផ្សារទើបប្រមូលទិញ។

ការអំពាវនាវរបស់លោកបណ្ឌិត កៅ ថាច គឺធ្វើឡើង បន្ទាប់ពីបានចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវតាមរោងម៉ាស៊ីនពីកសិករ ចំនួន៣ទីតាំងស្ថិត ស្រុកបាធាយ ខេត្តកំពង់ចាម និងតាមដានតម្លៃ ទីផ្សារស្រូវប្រជាកសិករដែលបានលក់ ក្នុងពេលមុនបុណ្យ ភ្ជុំបិណ្ឌនិងក្រោយពិធីបុណ្យភ្ជុំរួច។

សូមជម្រាបថា ការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តកំពង់ធំរបស់អគ្គនាយកធនាគារ ARDB ក្នុងនោះរួមមាន គឺទី១ រោងម៉ាស៊ីនកិនស្រូវឈ្មោះ ប៊ី អ អឹម បាននិងកំពុងប្រមូលទិញស្រូវពីកសិករ យកស្តុកទុកដែលមានប្រមា ណ៧ពាន់តោនក្នុងមួយថ្ងៃ ដោយទិញស្រូវសែនក្រអូបតម្លៃ ចន្លោះពី ១៣៤០ ទៅ ១៣៨០ រៀល ក្នុង១គីឡូក្រាម គឺ ស្រូវមានគុណភាពល្អ ស្រូវ OM 5451 ទិញនៅវាលស្រែវិញ តម្លៃចន្លោះ ១១៥០ ទៅ ១១៨០ រៀល ស្រូវសែនក្រអូបឥឡូវនេះ កំពុងតែមានតម្លៃរហូត ១៤០០ រៀលផងដែរ។

រោងម៉ាស៊ីនកិនស្រូវទី២ ឈ្មោះ ដេលីហ្វេសហ្វូត កសិករ ដឹកមករោងម៉ាស៊ីនផ្ទាល់ តម្លៃចន្លោះ ១១០០រៀល ទៅ ១១៣០ រៀល និងស្រូវស្រង៉ែ តម្លៃចន្លោះ ១១០០រៀល ទៅ ១១៥០ រៀល ក្នុង១គីឡូក្រាម។

ដោយឡែក សម្រាប់ រោងម៉ាស៊ីនទី៣ ឈ្មោះ ងួន ហុង គឺបាន ប្រមូលទិញពីកសិករ ស្រូវស្រង៉ែ តម្លៃចន្លោះ១១០០ រៀល ទៅ ១១៣០ តម្លៃមុនភ្ជុំបិណ្ឌស្រូវ OM 5451 ហើយឥឡូវរោងម៉ាស៊ីន ទិញនៅវាលស្រែតម្លៃចន្លោះ ១០០០រៀល ទៅ ១០៣០រៀល ដោយរោង ម៉ាស៊ីនប្រមូលទិញចន្លោះ១០០តោនក្នុង១ថ្ងៃ ។
ចុងក្រោយ រោងម៉ាស៊ីន១៦៨ កំពុងទិញប្រភេទស្រូវស្រង៉ែ ចន្លោះ ១១៥០ទៅ ១២៨០ រៀល និងតម្លៃស្រូវសែនក្រអូបវិញ ១៣៥០រៀលឡើងទៅ ដែលរោង ម៉ាស៊ីនសម្ងួតក្នុង ១ថ្ងៃ ប្រមាណ ៦០០តោន ដើម្បីស្តុកទុកនិងកិននាំនាំចេញ។

យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើគូរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ខែតុលានេះ តម្លៃស្រូវ OM 5451 ស្រូវស្រង៉ែ និងសែនក្រអូប គឺ កសិករអាចលក់បានតម្លៃ មានស្ថិរភាពនៅឡើង មិនដូចការលើកឡើងតាមបណ្តាញសង្គមនោះឡើយ ពោល តម្លៃ អាស្រ័យលើគុណភាពស្រូវផងដែរ ដែលមានការប្រើប្រួលទៅតាមតំបន់និងខេត្តនីមួយៗ៕

To Top