ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក Kenji Okamura អនុប្រធានគ្រប់គ្រង នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញ ជំហររួមគ្នា ក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ។
ក្នុងជំនួបជាមួយសម្តេចធិបតី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកអនុប្រធានគ្រប់គ្រង នៃ IMF បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាត ឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារលើចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនឹងស្ថាន ភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF សម្រាប់ពេលអនាគត។
លោកបានក៏គូសបញ្ជាក់ថា កម្ពុជា បានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញ ឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជា កាន់តែមានភាពល្អប្រសើរ និងភាពរឹងមាំ។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ IMF ក៏ដូចជាក្រុមការងាររបស់ IMF ដែលបានរួម ចំណែក ក្នុង៖ (១) ការផ្ដល់ជំនួយបច្ចេកទេស, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច, សារពើពន្ធ, ហិរញ្ញវត្ថុ, និង វិស័យផ្សេងៗទៀត ដែលមាន សារៈសំខាន់ ក្នុងការរៀបចំគោល នយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងរូបិយវត្ថុ, (២) ប្រែក្លាយប្រព័ន្ធ សេដ្ឋកិច្ចកម្ពុជា ពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ, និង (៣) ធានាបាននូវស្ថិរភាពផ្នែកធនាគារ និងហិរញ្ញវត្ថុ ដែលជាសសៃឈាម ដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា, និង (៤) ពង្រឹងការរៀបចំទិន្នន័យ និងបង្កើតប្រព័ន្ធទិន្ន ន័យនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលមានសារៈសំខាន់ នៅក្នុងការកំណត់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយភាពច្បាស់លាស់ និងឈានទៅរកការសម្រេចបាន នូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានកំណត់នូវអាទិភាពគន្លឹះមួយចំនួន នៅក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល IMF អាចចូលរួមគាំទ្រ និង ជួយជំរុញ ធ្វើយ៉ាងណាអាចឱ្យកម្ពុជា អាចអនុវត្តយុទ្ធសាស្រ្តខាងលើ ប្រកបដោយជោគជ័យ ឈានទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ កម្ពុជាបាន និងកំពុងតែយកចិត្តទុកដាក់ ក្នុងការកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ តាមរយៈការវាយតម្លៃអំពី ស្ថានភាពសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក ក៏ដូចជាតាម រយៈការពង្រឹង នូវឯករាជភាពផ្នែក សេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។
ក្នុងនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកអនុប្រធាន IMF បានបង្ហាញជំហររួមគ្នា ក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ក៏ដូចជាការកំណត់នូវក្រប ខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ សម្រាប់ពេលអនាគត ៕