បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី នៃប្រទេស Burkina Faso លោក Apollinaire Kyelem de Tambela បានលើកឡើង ពីការមិនពេញចិត្ត ចំពោះភាពជាដៃគូពីមុនៗ ជាមួយបណ្តា ប្រទេសលោកខាងលិច រួមទាំងប្រទេសបារាំង ដែលជាហេតុផល សម្រាប់ការសម្រេចចិត្ត របស់ប្រទេសលោក ក្នុងការពង្រឹងទំនាក់ទំនង ជាមួយរុស្ស៊ីជំនួសវិញ។
មន្ត្រីកំពូលរូបនេះ បានធ្វើការអត្ថាធិប្បាយ នៅក្នុងការបើកវេទិកាទិវាសេដ្ឋកិច្ចនៃប្រទេស Burkina Faso ក្នុងទីក្រុងមូស្គូកាលពីថ្ងៃ អង្គារដែលជាសន្និសីទ មានរយៈពេលបួនថ្ងៃ មានគោលបំណង ពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រជាជាតិ អាហ្វ្រិកខាងលិច និងរុស្ស៊ី។
គាត់បានប្រាប់ក្រុមអ្នកកាសែតថា៖ប្រវត្តិ នៃការចូលរួម របស់យើងជាមួយបារាំង និងជាមួយបស្ចិមប្រទេស ជាទូទៅមិនបាននាំមកនូវការពេញចិត្តដល់យើងទេ។ ដូច្នេះ យើងសម្រេចចិត្តសាកល្បងផ្លូវផ្សេង ។ យើងបាននិយាយទៅកាន់ខ្លួនយើងថា ប្រសិនបើឥឡូវនេះមានដៃគូដែលយើងចង់ឈោងទៅ នោះវាគឺជាប្រទេសរុស្ស៊ី ។
នៅខាងក្រៅព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Andrey Belousov និងនាយករដ្ឋមន្ត្រី Burkinabe បានពិភាក្សាគ្នា អំពីការពង្រីក កិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីផងដែរ ដោយប្រទេសអាហ្វ្រិកខាងលិច នេះបានក្លាយជាជនរងគ្រោះ នៃអំពើហឹង្សា របស់ពួកសកម្មប្រយុទ្ធ ចាប់តាំងពីឆ្នាំ២០១៥ ដែលបានសម្លាប់ជនស៊ីវិល និងបុគ្គលិកយោធារាប់ពាន់នាក់ មកហើយ ។
គួរឲ្យដឹងដែរថាទំនាក់ទំនងរបស់រុស្ស៊ី ជាមួយបណ្តាប្រទេស នៅទ្វីបអាហ្រ្វិកជាច្រើន រួមទាំងប្រទេស Burkina Faso និងប្រទេសជិតខាងរបស់ខ្លួនគឺម៉ាលី និងនីហ្សៀ បានពង្រឹងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលវាក៏បានកំពុងបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាងលិច ដូចជាអាមេរិកនិងបារាំង ដែលបានទទួលរង នូវវិបត្តិយោធានៅក្នុងតំបន់ Sahel៕
ប្រែសម្រួល៖ស៊ុនលី
