ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅកាន់ភាគីជប៉ុន តាមរយៈលោក Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ថាប្រវត្តិសាស្ត្រកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាព ណាយូរជាងពេលនេះនោះទេ។ ការថ្លែងប្រាប់នេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ លោក Katsuhiro SHINOHARA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក SHINOHARA បានលើកឡើងថា លោក បានមកបំពេញការងារការទូតចំនួន៤លើកផ្សេងៗគ្នា នៅប្រទេសកម្ពុជា ដោយលើកដំបូង នៅឆ្នាំ១៩៦៧ ក្នុងពេលដែលប្រទេសកម្ពុជា ស្ថិតក្នុងសង្គ្រាមនៅឡើយ បន្ទាប់មក ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១-១៩៩៣ និងនៅឆ្នាំ២០០១ លោកគឺជាទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងចុងក្រោយ ជាឯកអគ្គរាជទូតរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជានៅឆ្នាំ២០០៧។
លោក SHINOHARA ក៏បានរំលឹកពីជំនួបលើកទី១ ជាមួយសម្តេចនៅប្រទេសបារាំង នៅឆ្នាំ១៩៨៩ និងបានសម្តែងការកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះសម្តេចដែលអាចធ្វើការសម្រេចចិត្តភ្លាមៗ ច្បាស់លាស់ និងត្រឹមត្រូវ។ ប្រមាណ១៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីចប់អាណត្តិបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅឆ្នាំ២០០៩ លោក SHINOHARA បានក្លាយជាតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។ លោក SHINOHARA មានសេចក្តីរីករាយដែលបានបន្តកិច្ចការ នៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្ត ក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។
តាមរយៈវត្តមានរបស់លោក SHINOHARA ជាច្រើនឆ្នាំនៅកម្ពុជា លោកបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លា របស់កម្ពុជា ជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ លោក SHINOHARA នឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុន ដែលចាប់អារម្មណ៍ពីកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រហែលជាមានមនុស្សមិនច្រើនទេ ដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើន របស់កម្ពុជា ហើយលោក SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។
សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជា បានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើនយ៉ាងខ្លាំង លើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី …។ល។
ពាក់ព័ន្ធនឹងវិស័យអប់រំ សម្តេចក៏បានណែនាំបន្ថែម ឱ្យបន្តកិច្ចសហការជាមួយក្រសួងអប់រំនិងស្ថាប័ននានា ដើម្បីអាចជំរុញគុណភាពអប់រំនៅកម្ពុជា បន្តទៀតឱ្យកាន់តែមានភាពប្រកួតប្រជែង ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ សម្តេចបានបន្តថា យើងត្រូវការធនធានមនុស្ស ដែលមានជំនាញដើម្បីអាចទាក់ទាញ ការវិនិយោគបន្ថែមទៀត ដូចនេះកម្ពុជាបានដាក់ចេញ នូវគោលនយោបាយ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាជនក្រីក្រ ប្រមាណ ១លាន៥សែននាក់។
សម្តេចតេជោ បានកត់សម្គាល់ថា «ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាព ណាយូរជាងពេលនេះនោះទេ។ ឆ្នាំនេះជាខួបទី២៦ នៃសន្តិភាពទាំងស្រុងនិងពេញលេញនៅកម្ពុជា ដែលគ្មានការបែងចែកទឹកដី គ្មានការបែងចែកកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែ មានគណបក្សនយោបាយផ្សេងៗ។ ចាប់តាំងពីឆ្នាំ១៩៩៨មក រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព មានការឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ ព្រះមហាក្សត្រតែមួយ» ។
សម្ដេចតេជោ ក៏បានជម្រាបជូនលោក SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាច ទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រយៈពេលយូរអង្វែង។ សម្ដេចតេជោ បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍ ។
សម្តេចតេជោ និងលោក SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាព នៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នា អំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុន ចំពោះកម្ពុជា។ លោក SHINOHARA បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់ របស់សម្តេចក្នុងការជំរុញសន្តិភាព នៅក្នុងតំបន់និងជុំវិញពិភពលោក៕