ព័ត៌មានជាតិ

កងកម្លាំងជិត ៨០០នាក់ ត្រៀមការពារសន្តិសុខជូនពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាល បានត្រៀមកងកម្លាំងជាង ៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។

មានប្រសាសន៍ក្នុងកិច្ចប្រជុំអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព។

លោកបន្តថា «ក្នុងនាមយើងជាកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព យើងត្រូវរួមដៃសហការគ្នាឱ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងឱកាសពិធីប្រណាំងទូក នាថ្ងៃខាងមុខនេះ»។ លោក បន្ថែមថា «ពិធីប្រណាំងទូក គឺសម្រាប់ក្រុងតាខ្មៅមួយឆ្នាំមានម្តង ដូច្នេះប្រជាពលរដ្ឋនៅគ្រប់ទិសទីច្បាស់ជាមកលេងកម្សាន្ដយ៉ាងច្រើនកុះករនៅក្រុងតាខ្មៅយើងនេះ»។

លោក បានបញ្ជាក់ថា កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងដែលសំខាន់ និងយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ។ លោកក៏បានជំរុញដល់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែម ក្នុងការពង្រឹងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ច ដែលមានកាតព្វកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ប្រកបដោយភាពរលូនក្នុងថ្ងៃប្រារព្ធពិធីនាពេលខាងមុខនេះ៕

To Top