ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក មានការដាក់គម្រោងដេញថ្លៃ ជួសជុលផ្លូវដីក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ២,០៨០ម៉ែត្រ ទទឹងផ្លូវដី៥.៥ម៉ែត្រ ទទឹងផ្លូវក្រាលក្រួស ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១ ។ រយះពេល ៦ខែ តម្លៃប៉ាន់ស្មាន ២០៣,៥២៨,៨០០ រៀល (ពីររយបីលាន ប្រាំរយម្ភៃប្រាំបីពាន់ ប្រាំបីរយរៀលគត់) ជាលទ្ធផលបានទៅលើក្រុមហ៊ុនគឹម សោភណ្ឌ័ធានី ដាក់តម្លៃ ១៩៧,៦០០,០០០រៀល (ចុះតម្លៃត្រឹមតែ ៥,៩២២,៨០០រៀល គឺមិនធ្លាប់មាន) ។
ជាមួយគ្នានេះ មហាជនលើកឡើងថា ការដេញថ្លៃនេះ គឺជាការរៀបចំត្រូវរ៉ូវគ្នា ក្រុមហ៊ុន ចែកទឹកតែគ្នា ដោយចែកលុយគ្នានៅមុខសាលាឃុំយ៉ាងសប្បាយ ផ្គើនម្ចាស់គម្រោង។
ទាក់ទិនករណីនេះដែរ លោកមេឃុំត្រពាំងស្តៅ បានឲ្យដឹងថា ឃុំត្រពាំងស្តៅ បានដាក់គម្រោងដេញថ្លៃជួសជុលផ្លូវដី ក្រាលក្រួសក្រហម១ខ្សែប្រវែង២,០៨០ម៉ែត្រ ទទឹងថ្នល់៥,៥ម៉ែត្រ ក្រាលក្រួសក្រហម៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១។ តម្លៃប៉ាន់ស្មាន ២០៣,៥២២,៨០០រៀល ។មានក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន ០៤ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន គឹម សោភណ្ឌ័ ធានី ដាក់តម្លៃ ១៩៧,៦០០,០០០រៀល តម្លៃ ទាបអាចទទួលយកបាន ។
ប្រភពពីកន្លែងដេញគម្រោងបានលើកឡើងថា ការដេញថ្លៃគម្រោងនេះ មានក្រុមហ៊ុនមកចូលរួមដាក់សំណើរដេញថ្លៃច្រើនក្រុមហ៊ុន ក៏ប៉ុន្តែពួកគេមកដេញនៅខាងក្រៅ ខាងមុខសាលាឃុំ ដោយមានអ្នករៀបចំ ចែកទឹកតែគ្នា បានឈានដល់ត្រូវរ៉ូវគ្នា ដូច្នេះមានតែ០៤ក្រុមហ៊ុនប៉ុណ្ណោះ ចូលទៅដាក់សំណើរដេញថ្លៃ ជាលទ្ធផលបានទៅលើក្រុមហ៊ុនគឹម សោភណ្ឌ័ធានី ចុះត្រឹមតែ៥,៩២២,៨០០ប៉ុណ្ណោះ គឺមិនធ្លាប់មានពីមុនមក។
ការដេញថ្លៃរបៀបនេះ ពលរដ្ឋរង់ចាំមើលពេលក្រុមហ៊ុនគឹម សោភណ្ឌ័ធានី ចុះអនុវត្តគម្រោង តើអនុវត្តបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នៃកិច្ចសន្យាដែរឬទេ ? រីឯ ការដាក់ដេញថ្លៃគម្រោងនៅស្រុកស្វាយជ្រំវិញគឺ ចុះតម្លៃទាបរហូតក្រោម៥០% ដែលក្រុមហ៊ុនអ្នកដាក់ដេញថ្លៃនិយាយ ថាបែក ដេញប្រកាប់ប្រចាក់ ហើយពេលអនុវត្តគម្រោង តែងតែអនុវត្តមិនបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា ចាក់ស្តើងស៊ីក្រាស់ជាដើម។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីមន្ត្រីបច្ចេកទេសបានទេ រហូតមកដល់រសៀលថ្ងៃទី១១ តុលានេះ៕