NICOSIA៖ មេដឹកនាំនៃប្រទេសទាំង៩នៃសហភាពអឺរ៉ុបមេឌីទែរ៉ាណេ ហៅកាត់ថា (EU) ដែលត្រូវបានគេស្គាល់ថា Med9 បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅមជ្ឈិមបូព៌ា និងបានជំរុញឱ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយជម្លោះដែលកំពុងបន្តកើតឡើងនៅក្នុងតំបន់ ដែលការអំពាវនាវនេះគឺបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃសុក្រ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល Med9 លើកទី១១ ដែលបានធ្វើឡើងនៅទីក្រុង Paphos ភាគខាងលិចប្រទេស ស៊ីប (Cyprus) មេដឹកនាំបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាគឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយទាមទារឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” និងការផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សដល់ប្រទេសលីបង់ ។
មេដឹកនាំ Med9 បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេក្រោយពីមានកិច្ចប្រជុំពេញមួយថ្ងៃថា “យើងជំរុញឱ្យតួអង្គទាំងអស់អនុវត្តការអត់ធ្មត់ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីលុបបំបាត់ភាពតានតឹងនេះ” ។
ក្រុមមេដឹកនាំខាងលើនេះក៏បានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះរាល់ដំណោះស្រាយរបស់អង្គការសហប្រជាជាតិទាក់ទងនឹងមជ្ឈិមបូព៌ា ហើយបានសន្យាថា នឹងធ្វើការរួមគ្នាដើម្បីមានឥទ្ធិពលលើគោលនយោបាយរបស់ EU កាន់តែទូលំទូលាយលើបញ្ហាកើតឡើងនៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា