ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីនស្លាប់ និងរបួសជាច្រើននាក់ ក្រោយរងការវាយប្រហារដោយអ៊ីស្រាអ៊ែលទៅលើសាលារៀន ២ កន្លែងនៅតំបន់ហ្គាហ្សា

afp

ហ្គាហ្សា៖ យោងតាមប្រភពពីប៉ាឡេស្ទីនកាលពីថ្ងៃសុក្របានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើសាលារៀនចំនួន២ដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួន នៅក្នុងជំរុំជនភៀសខ្លួន Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា ។

ប្រភពក្នុងស្រុក និងសាក្សីដែលឃើញផ្ទាល់ភ្នែក ហើយបានរាយការណ៍ប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កាំភ្លើងធំរបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅលើសាលារៀន “Hafsa” ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ពីការសង្គ្រោះសាកសពស្ត្រីជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ រួមជាមួយនឹងរបួស ០៤នាក់ ។

លើសពីនេះ កងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា បានបញ្ជាក់ថា ការបាញ់ចេញពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានវាយប្រហារទៅលើសាលារៀន “Al-Fouqa” បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។ ក្រុមការពារជនស៊ីវិលបានដឹកអ្នករបួសចំនួន ១៥នាក់ ទៅកាន់មន្ទីរពេទ្យ Kamal Adwan ។

ជុំវិញការវាយប្រហារនេះ អ៊ីស្រាអ៊ែល នៅមិនទាន់ធ្វើការអត្ថាធិប្បាយអំពីការវាយប្រហារទៅលើសាលាទាំង២នេះនៅឡើយទេ ។

យោធាអ៊ីស្រាអ៊ែល បន្តប្រតិបត្តិការទ្រង់ទ្រាយធំរបស់ខ្លួននៅ Jabalia និងតំបន់ជុំវិញដោយរក្សាការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងសម្រាប់រយៈពេល ៦ ថ្ងៃជាប់ៗគ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top