ព័ត៌មានជាតិ

យប់យន្តសុបន្តិយូរ! សម្ដេចធិបតី ឯកភាពផ្លាស់ប្តូរក្បាលម៉ាស៊ីន ដឹកនាំពន្ធនាគារ តែម្ដង

ភ្នំពេញ៖ បញ្ហារាំក្នុងពន្ធនាគារ ម១ ! សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័នពន្ធនាគារ។

នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេច បានជជែកជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ត្រូវបានចែកចាយតាមបណ្តាញសង្គមហ្វេសបុក។

សម្ដេចធិបតី បន្ដថា ពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ដើម្បីឱ្យមានប្រសិទ្ធភាពការងារផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «គេបង្ហោះតាមហ្វេសប៊ុក ជប់លៀងពេញក្នុងគុក ខ្ញុំ បានជជែកជាមួយ ឯកឧត្តម ស សុខា ឱ្យពិនិត្យនឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងនឹងយ៉ាងម៉េច? ព្រោះថា ហ្វេសប៊ុកឥឡូវ មិនដឹងជាស្អី ១០ឆ្នាំមុន ចេញមកឥឡូវ ប៉ុន្ដែឱ្យធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ ពង្រឹងពន្ធនាគាររបស់យើងទូទាំងប្រទេស។ ម្សិលមិញ ឯកឧត្តម ស សុខា រាយការណ៍មក ខ្ញុំ ឯកភាពទីមួយ ពង្រឹង ម១ នេះតាមរយៈការផ្លាស់ប្ដូរ ក្បាល់ម៉ាស៊ីន ដឹកនាំ តែម្ដង ដើម្បីពង្រឹងស្ថាប័ននេះ»។

យោងតាមសេចក្ដីបញ្ជាក់របស់ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនដោយអះអាងថា «កើតឡើងនៅមណ្ឌលអប់រំកែប្រែទី១»។

ដើម្បីធានាបាននូវសុក្រិតភាព តម្លាភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុង និងនីតិវិធី ពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់នៃហេតុការណ៍ខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌល អប់រំកែប្រែទី១ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤៕

To Top