ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនថា ចិនមានឆន្ទៈក្នុងការធ្វើជាដៃគូ និងជាមិត្តជាមួយសហរដ្ឋអាមេរិក

Xinhua

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ភាពជាដៃគូដ៏ជោគជ័យរវាងចិន និងសហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរ ដើម្បីក្លាយជាអ្នកផ្តល់លទ្ធភាព សម្រាប់ការអភិវឌ្ឍន៍គ្នាទៅវិញទៅមក ជាជាងការរារាំង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ចេញផ្សាយកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ស៊ី បាននិយាយនៅក្នុងការកត់សម្គាល់ ពីសំបុត្រមួយទៅកាន់ពិធីជប់លៀង ពានរង្វាន់ប្រចាំឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិស្តីពីសហរដ្ឋអាមេរិក-ចិនថា “ប្រទេសចិនមានឆន្ទៈធ្វើជាដៃគូ និងជាមិត្តជាមួយសហរដ្ឋអាមេរិក។ នេះនឹងផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ” ។ នេះបើយោងតាមរបាយការណ៍ របស់សារព័ត៌មាន CCTV។

បើយោងតាមលិខិតនោះ គឺលោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក ដែលមានឥទ្ធិពលលើអនាគត និងជោគវាសនារបស់មនុស្សជាតិ ។ ប្រទេសទាំងពីរមានជម្លោះជុំវិញកង្វល់សន្តិសុខជាតិ ជម្លោះពាណិជ្ជកម្មដែលកំពុងបន្ត ក៏ដូចជាសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង និងបានបង្កើនសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ ទំនាក់ទំនងពាណិជ្ជកម្មមានភាពជូរចត់កាលពីឆ្នាំមុន ហើយបានផ្តោតលើបញ្ហារួម ទាំងការរឹតបន្តឹងលើយានយន្តអគ្គិសនី និងឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា “ចិនតែងតែដោះស្រាយទំនាក់ទំនងចិន-អាមេរិក ស្របតាមគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយតែងតែជឿជាក់ថា ជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក”៕

ប្រែសម្រួលៈ ណៃ តុលា

To Top