ព័ត៌មានអន្តរជាតិ

សូដង់ បញ្ជាក់ក្នុងកំណត់ត្រាថា មានករណីឆ្លងជំងឺគ្រុនឈាមរហូតដល់ជាង ២.៥០០ ករណីហើយ

Afp

KHARTOUM៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍តាមរយៈសេចក្តីថ្លែងការណ៍មួយថា ប្រទេសស៊ូដង់ បានកត់ត្រាអំពីករណីនៃជំងឺគ្រុនឈាមចំនួន ២.៥២០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣នាក់នៅរដ្ឋចំនួន៥ ។

ក្រសួងខាងលើបានឲ្យដឹងថា ការឆ្លងជំងឺត្រូវបានរាយការណ៍នៅរដ្ឋ Khartoum, North Kordofan, Kassala, Gedaref និងរដ្ឋ Sinnar ដោយបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការបង្កើន យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ។

គួរបញ្ជាក់ថា ជំងឺគ្រុនឈាម គឺជាមេរោគឆ្លងទៅមនុស្សតាមរយៈសត្វមូសខាំ។ ដែលជំងឺនេះកើតឡើងជារឿយៗច្រើនជាងគេ នៅក្នុងពេលមានអាកាសធាតុក្តៅសើម និងនៅតំបន់ត្រូពិច ។

ខណៈនេះដែរ អ្នកឆ្លងជំងឺភាគច្រើនមិនបង្ហាញរោគសញ្ញាអ្វីឡើយ អ្នកជំងឺជាធម្មតាមានអាការៈគ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺចុកចាប់ក្នុងពោះ ក្អួតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលនៅលើស្បែក សម្ពាធឈាមចុះថយ និងពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យស្លាប់ ។

គិតចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សនៅក្នុងខែមេសា ឆ្នាំ២០២៣ ជំងឺរាតត្បាត ដូចជាជំងឺអាសន្នរោគ គ្រុនចាញ់ កញ្ជ្រឹល និងគ្រុនឈាមបានរីករាលដាលខ្លាំងដែលនាំឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត ។

យោងតាមការប៉ាន់ស្មានចុងក្រោយដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានឲ្យដឹងថា ជម្លោះនេះដែរក៏បានបណ្តាលឱ្យមនុស្សប្រហែល ២០.០០០នាក់ស្លាប់ និងបង្កឲ្យមានរបួសរាប់ពាន់នាក់ និងមានការផ្លាស់ទីលំនៅរាប់លាននាក់៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top