បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកឬUAV ដែលមានផ្ទុកទៅដោយគ្រឿងផ្ទុះបានហោះ ទៅបុកគេហដ្ឋានវិស្សមកាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅទីក្រុងមាត់សមុទ្រ Caesarea កាលពីថ្ងៃសៅរ៍។
យន្តហោះគ្មានមនុស្សបើកនេះត្រូវបានគេរាយការណ៍ថា បានបាញ់បង្ហោះដោយចលនាក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ និងក៏ជាការវាយប្រហារដំបូងនៃជម្លោះសំដៅទៅលើគោលដៅមន្ត្រីកំពូលរបស់អ៊ីស្រាអែលបែបនេះ។
កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDF បាននិយាយថា៖ អគារមួយត្រូវបានវាយប្រហារ នៅទីក្រុងCaesarea ដោយបន្ថែមថាយន្តហោះគ្មានមនុស្សបើកសរុបចំនួន៣ គ្រឿងត្រូវបានបាញ់បង្ហោះពីប្រទេសលីបង់ និងពីរផ្សេងទៀតត្រូវបានបាញ់ទម្លាក់។
វីដេអូឃ្លីបត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលបង្ហាញពីយន្តហោះដ្រូនធំមួយដែលហោះពីលើឧទ្ធម្ភាគចក្រលើទីក្រុងមួយ ហើយវីដេអូនេះត្រូវបានគេនិយាយថាមានទំនាក់ទំនងនឹងការធ្វើវាយប្រហារដោយក្រុមហេសបូឡា។
ទោះបីជាយ៉ាងណាក្តីនៅមិនច្បាស់ទេថាតើផ្ទះរបស់លោក Netanyahu ទទួលបានការខូចខាតធ្ងន់ធ្ងរឬយ៉ាងណា ប៉ុន្តែអ្នកស្រុកបានរាយការណ៍ថាមាន ការផ្ទុះដ៏ធំមួយនៅក្នុងតំបន់នោះបានកើតឡើង៕
ប្រែសម្រួល៖ ស៊ុនលី