ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី លោក កេីត រិទ្ធ ស្រក់ទឹកភ្នែកពេលប្រកាសចូលកាន់តំណែង

ភ្នំពេញ  ៖  ថ្ងៃប្រកាសចូលកាន់តំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី  លោក កើត រិទ្ធ  បានបង្ហាញអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តរហូតទ្រាំមិនមិនហូរទឹកភ្នែក ដោយមិនដឹងខ្លួននៅពេលរំលឹកអនុស្សាវរីយ៍ ការងាររបស់ខ្លួន។ 

លោក  កេីត  រិទ្ធ ត្រូវបាន ប្រកាសចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ថ្មី  នារសៀល ថ្ងៃ ទី ១  ខែមេសា  ឆ្នាំ ២០២០  ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ។

នាឱកាសនោះដែរ  លោក  កើត រិទ្ធ បានរំលឹកទាំងទឹកភ្នែកថា  កិច្ចការជាច្រើនដែលក្រសួងសម្រេចបានក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា រួមមានការកសាងច្បាប់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការលើកទឹកចិត្តមន្ត្រី ការកសាងអគារក្រសួង និងអគារតុលាការ ការកែលម្អរការផ្ដល់សេវាយុត្តិធម៌ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមិទ្ធផលជាច្រើនទៀត ។

លោក  ប្រសាសន៍ថា សមិទ្ធផលកំណែទម្រង់សំខាន់ៗជាច្រើនក្នុងវិស័យយុត្តិធម៌ ពិសេសការកសាងច្បាប់ដ៏មានសារៈសំខាន់ៗ ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងច្បាប់សំខាន់នានា ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ដ្រី អង្គ វង្សវឌ្ឍនា កន្លងមក គឺជាសមិទ្ធផលដ៏ធំធេង ដែលនឹងត្រូវចារិកទុកក្នុងប្រវត្តិសាស្ត្រនៃវិស័យច្បាប់ និងយុត្តិធម៌ នៅកម្ពុជា ។ 

លោក  កើត រិទ្ធ ប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និងយុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត។ 

លោកសង្ឃឹមថាថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុពង្រឹងនីតិរដ្ឋនៅកម្ពុជា ។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា  លោក កើត រិទ្ធ បានឆ្លងកាត់ការងារជាច្រើននៅក្រសួងយុត្តិធម៌ ចាប់ពីឆ្នាំ២០០៧មក ពោលគឺចាប់ពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋលេខាធិការប្រចាំការ រហូតក្លាយជារដ្ឋមន្ត្រី ។

សូមរំលឹកថា   លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី  អាយុ ៤១ឆ្នាំ កើត នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៩ និងមានទីកន្លែង កំណើតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកគឺជានិស្សិតដែលតស៊ូព្យាយាមសិក្សា ទោះបីជាជីវភាពគ្រួសារមិនសូវធូរធាក្តី គាត់នៅតែខិតខំជួយរបរគ្រួសារផងនិងខំរៀនផងរហូតទទួលបានអាហាររូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនៅឆ្នាំ១៩៩៩។ 

ឆ្នាំ ២០០០ លោកទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង ចំណែកឆ្នាំ ២០០១ លោកទទួលបានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពីសាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អណាស់។ ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំងផងដែរ៕ដោយ   អេង   ប៊ូឆេង

To Top