ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ប្រទេសចិននៅតែបន្តខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។ ចំណុចលេចធ្លោមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិភាគ និងសារព័ត៌មានអន្តរជាតិ នោះគឺការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលចិន ដែលមានគោលដៅចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល។
តាមរយៈវិធានការនេះ រដ្ឋាភិបាលចិននឹងកាត់បន្ថយអត្រាការប្រាក់គោលសម្រាប់កម្ចីដែលមានការដាក់បញ្ចាំអចលនទ្រព្យ និងកាត់បន្ថយអត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារចិន ពី ០,២៥ ទៅ ០,៥០ នៃពិន្ទុមូលដ្ឋាន ដែលនឹងបង្កើនសាច់ប្រាក់ប្រមាណ ១ទ្រីលានយ័ន (ប្រហែល ១៤០ប៊ីលានដុល្លារ) ក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នេះគឺជាការបោះជំហានថ្មីធំមួយទៀតរបស់រដ្ឋាភិបាលចិន ដែលនឹងមិនត្រឹមតែអនុញ្ញាតឱ្យធនាគារចិនមានលទ្ធភាពផ្តល់កម្ចីរយៈពេលវែងច្រើនជាងមុនប៉ុណ្ណោះទេ តែថែមទាំងបើកឱកាសឱ្យប្រជាជនចិនប្រមាណជា ១៥០ លាននាក់ផ្សេងទៀត មានលទ្ធភាពទទួលបានកម្ចីទិញអចលនទ្រព្យ និងជំរុញដល់ការប្រើប្រាស់ក្នុងស្រុកផងដែរ។
គោលនយោបាយថ្មីនេះបានបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការធ្វើឱ្យទីផ្សារក្នុងស្រុកកាន់តែមានស្ថិរភាព និងផ្តល់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ សម្រាប់ចិន ការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ចនឹងជំរុញការចំណាយ និងបង្កើនការវិនិយោគលើវិស័យសំខាន់ៗដូចជាអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលជាសរសរស្តម្ភនៃខឿនសេដ្ឋកិច្ចចិន។ សន្ទុះថ្មីនៅក្នុងវិស័យទាំងនេះនឹងរួមចំណែកដល់ការបង្កើនភាពរស់រវើកនៃសេដ្ឋកិច្ចចិន ដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព ទាំងក្នុងតំបន់ និងពិភពលោក។
ក្រៅពីនេះ ការបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុរបស់ចិន ក៏នឹងជះឥទ្ធិពលជាវិជ្ជមានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយហានិយភ័យនៃហិរញ្ញវត្ថុសកលផងដែរ ។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោក ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល ។ ក្នុងន័យនេះ ភាពរស់រវើកនៃទីផ្សារក្នុងស្រុកចិន ដែលជំរុញឡើងតាមរយៈការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច នឹងធ្វើឱ្យចិនមានតម្រូវការបន្ថែមទៀតនូវវត្ថុធាតុដើម និងផលិតផលនានា ដែលនឹងផ្តល់កាលានុវត្តន៍ភាពថ្មីៗដល់ប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការនាំចូលផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារចិន ដែលមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់។
ជាងនេះទៅទៀត ជាមួយនឹងស្ថិរភាពនៃទីផ្សារក្នុងស្រុក ចិនដែលជាប្រទេសនាំមុខក្នុងវិស័យផលិតកម្ម ដូចជាគ្រឿងអេឡិចត្រូនិក វាយនភណ្ឌ និងឱសថ ក៏នឹងដើរតួនាទីកាន់តែសំខាន់ថែមទៀតក្នុងការកាត់បន្ថយហានិភ័យនានា នៃភាពមិនច្បាស់លាស់ដែលបណ្តាលមកពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។ ស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចចិន នឹងរួមចំណែកដល់ការបង្កើតនូវបរិយាកាសវិនិយោគដែលអាចព្យាករណ៍បាន និងច្បាស់លាស់ជាងមុន បង្កើនទំនុកចិត្តទីផ្សារ ព្រមទាំងកាត់បន្ថយហានិភាពនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃទីផ្សារពិភពលោក។
សរុបមកវិញ គោលនយោបាយហិរញ្ញវត្ថុថ្មីរបស់ចិននឹងមិនត្រឹមតែបង្កើនភាពរស់រវើកនៃសេដ្ឋកិច្ចចិននោះទេ តែថែមទាំងរួមចំណែកដល់ការធានាឱ្យបាននូវខ្សែច្រវាក់ផ្គត់ផ្គង់សកលប្រកបដោយភាពធន់ និងស្ថិរភាព និងពង្រឹងទំនុកចិត្តទីផ្សារ សំដៅជំរុញស្ថិរភាពនៃទីផ្សារសកល និងផ្តល់សន្ទុះថ្មីដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលផងដែរ។ ភាពរស់រវើកនៃសេដ្ឋកិច្ចចិនពិតជានឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពថ្មីៗដល់តំបន់ និងពិភពលោក។
ដោយ ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា