ព័ត៌មានជាតិ

២សប្តាហ៍ ! ពលរដ្ឋជាង ១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំងប្រទេស

ភ្នំពេញ៖ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំង២៥រាជធានី-ខេត្ត ដល់ប្រជាពលរដ្ឋចំនួន ១៩៤,៧៦៨នាក់ ដើម្បីបានឈ្វេងយល់ និងចូលរួមសហការអនុវត្តលក្ខណៈសម្បត្តិទាំង ៧ យ៉ាងរបស់គោលនយោបាយនេះឱ្យកាន់តែល្អប្រសើរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ តែងតែយកអស់កម្លាំងកាយ ចិត្តបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាប្រចាំដូចភ្លៀងរលឹមនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប និងចូលរួមសហការរាយការណ៍ ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចមូលដ្ឋានតាមវិស័យនានាឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិទាំង៧យ៉ាង ក្នុងនោះ រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត។ ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែគាំទ្រ ជំរុញ ណែនាំនិងរំលឹកដល់មន្រ្តីទាំងអស់បន្តចូលរួមខិតខំប្រឹងប្រែង ព្យាយាមបម្រើពលរដ្ឋឱ្យបានទាន់ពេលវេលា ឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមទស្សនៈ «អ្វីៗធ្វើ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕

To Top