ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិជប៉ុន និងអាមេរិក ប្តេជ្ញាពង្រឹងសម្ព័ន្ធភាពទ្វេភាគី

kyodo

តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មីលោក Gen Nakatani និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នា ដើម្បីបង្កើនការទប់ស្កាត់ និងសមត្ថភាពឆ្លើយតប នៃសម្ព័ន្ធភាពទ្វេភាគី ចំពេលមានបញ្ហាប្រឈម ផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។

ក្រសួងការពារជាតិបានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចចរចាទល់មុខគ្នា ជាលើកដំបូងរបស់ពួកគេចាប់តាំង ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ចូលកាន់តំណែងកាលពីថ្ងៃទី០១ ខែតុលា ដែលធ្វើឡើងនៅទីក្រុង Naples ភាគខាងត្បូងប្រទេសអ៊ីតាលី លោក Nakatani បានប្រាប់លោក Austin ថាប្រទេសជប៉ុន បានប្តេជ្ញាចិត្តក្នុងការពង្រឹង សមត្ថភាពការពារជាតិរបស់ខ្លួនយ៉ាងខ្លាំង។

ក្រសួងបានឲ្យដឹងថា អ្នកទាំងពីរបានចែករំលែក “អារម្មណ៍នៃវិបត្តិ” ជាមួយនឹងការផ្លាស់ប្តូរថ្មីៗ ដែលកើតឡើងនៅជុំវិញ ប្រទេសជប៉ុនក្នុងចិត្ត ចំពោះការអះអាង ផ្នែកយោធា ដែលកំពុងកើនឡើងរបស់ប្រទេសចិន រួមទាំងការឈ្លានពានជាលើក ដំបូងដោយយន្តហោះយោធាចិនចូលទៅក្នុងដែនអាកាសជប៉ុន នៅក្នុងខែសីហា។

លោក Nakatani បានឲ្យដឹងនៅដើមដំបូងនៃកិច្ចប្រជុំថា “ដើម្បីពង្រឹងសម្ព័ន្ធភាព ខ្ញុំសង្ឃឹមថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹង ធ្វើការយ៉ាងជិតស្និទ្ធជាតែមួយ” ។  លោក Austin បានលើកឡើងថា ការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកចំពោះការការពារជាតិរបស់ប្រទេសជប៉ុន នៅតែមិនផ្លាស់ប្តូរ ដោយបានលើកឡើងពី “ការរារាំងបន្ថែម” របស់ប្រទេសរបស់លោក ដែលរួមបញ្ចូលទាំងការការពារនុយក្លេអ៊ែរ ដែលបានផ្តល់ដល់សម្ព័ន្ធមិត្តរបស់ខ្លួន។

កិច្ចពិភាក្សាដែលធ្វើឡើង នៅខាងក្រៅ នៃក្រុមប្រទេសទាំង៧ ដែលប្រមូលផ្តុំគ្នានៅថ្ងៃដដែល នោះបានធ្វើឡើង នៅពេលដែលរដ្ឋាភិបាលរបស់លោក Ishiba បានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពជប៉ុន-អាមេរិក នៅតែជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងការទូត និងសន្តិសុខរបស់ជប៉ុន ។

គំនិតរបស់មេដឹកនាំជប៉ុនថ្មីរូបនេះ បានរួមបញ្ចូលនូវអ្វី ដែលអាចនាំឱ្យមានការកកិត ដូចជាការពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀងទ្វេភាគី ដែលគ្រប់គ្រងការចាត់ចែង បុគ្គលិករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន ដើម្បីបង្កើតភាពជាដៃគូ “ស្មើភាព” បន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top