បរទេស៖ ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) ត្រូវបានគេណែនាំឱ្យស៊ើបអង្កេត គម្រោងបោកប្រាស់ពីរ៉ាមីត ដែលត្រូវបាន ចោទប្រកាន់ថា មានព្រះសង្ឃត្រូវបានគេ បោកបញ្ឆោតឱ្យវិនិយោគ លើភាគហ៊ុនក្លែង ក្លាយនៅភាគឦសានដែលបណ្តាល ឱ្យមានការបាត់បង់លុយជាងមួយពាន់លានបាត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការិយាល័យ នាយករដ្ឋមន្ត្រី លោក ជូសាក់ សិរីនិល ដែលគ្រប់គ្រង ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) បានធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាក់ទងនឹងគម្រោងពីរ៉ាមីតដែលគេស្គាល់ថា “Ban Share Nong Carrot” ដែលពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំ ដែលបានរងគ្រោះដោយសារគម្រោងនេះ។
លោក ជូសាក់ បាននិយាយថា លោកមិនទាន់ទទួលបានរបាយ ការណ៍លម្អិតអំពីបញ្ហានេះនៅឡើយទេ ដោយបន្ថែមថា NOB គួរស៊ើបអង្កេតបញ្ហានេះជាមុនសិន។
នៅពេលសួរថាតើនឹងមានកិច្ចប្រជុំជាមួយ NOB ដោយសារព្រះសង្ឃជាគោលដៅ នៃការបោកប្រាស់ដែលត្រូវ បានចោទប្រកាន់ឬយ៉ាងណានោះ លោក ជូសាក់ សិរីនិល បាននិយាយថា NOB កំពុងធ្វើការលើបញ្ហានេះ។
លោកថា «ខ្ញុំទទូចថាចំណាត់ការនេះ ត្រូវបានចាត់តាមការណែនាំ ពីការិយាល័យនាយករដ្ឋមន្ត្រី។ ប្រសិនបើបញ្ហានេះទាក់ទងព្រះសង្ឃ និងច្បាប់វិន័យសង្ឃ វាអាស្រ័យលើបព្វជិត ជាអ្នកដោះស្រាយ»។
ភាពចម្រូងចម្រាសនេះត្រូវបានបង្កឡើង ដោយរបាយការណ៍ មួយនៅលើទំព័រហ្វេសប៊ុក “E-Sor Khayee Khao” (E-Sor crushing news) ថា គម្រោងពីរ៉ាមីតដែលសំដៅទៅលើគម្រោង Ban Share Nong Carrot នៅភាគឦសានបានដួលរលំ។
យោងតាមទំព័រនេះ បានឱ្យដឹងថា ក្រុមហ៊ុនមួយ បានទាក់ទាញព្រះសង្ឃ និងអ្នកភូមិឱ្យចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ដែលខ្លួនរៀបចំ ។ ក្រុមហ៊ុនបានលើកទឹកចិត្ត ឱ្យអ្នកចូលរួមជ្រើសរើសអ្នកផ្សេងទៀត ឱ្យចូលរួមក្នុងបណ្តាញដែលជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន។ សមាជិកម្នាក់ៗត្រូវវិនិយោគយ៉ាងតិច ៣០០.០០០ បាត៕