ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អនាគតនៃ “កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេស BRICS ” គួរឱ្យរំពឹងទុក

ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែតុលា កិច្ចជំនួបរវសងថ្នាក់ដឹកនាំនៃប្រទេស BRICS លើកទី១៦ នឹងបើកធ្វើនៅទីក្រុង Kazan ប្រទេសរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមកិច្ចជំនួបលើកនេះតបតាមការអញ្ជើញ។

នេះជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបណ្តាប្រទេស BRICS សម្រេចបាននូវការបន្ថែមចំនួនរដ្ឋសមាជិកជាប្រវត្តិសាស្ត្រមក ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់ “កិច្ចសហប្រតិបត្តិការរវាងមហា BRICS ” ផងដែរ។ ដល់ពេលនោះ មេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ៣០ នឹងពិគ្រោះពិភាក្សារួមគ្នាអំពីផែនការគោលស្តពីការធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងបរិបទអន្តរជាតិដែលមានភាពប្រែប្រួល និងច្របូកច្របល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្នតើហេតុអ្វីបានជា “BRICS” ទទួលបានការស្វាគមន៍កាន់តែខ្លាំងឡើងៗ?

លោក Kirill Babaev ប្រធានវិទ្យាស្ថានស្រាវជ្រាវចិននិងអាស៊ីសម័យទំនើប របស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា កាលពីដើម យន្តការសហប្រតិបត្តិការរវាងប្រទេស BRICS គឺបង្កើតឡើងក្នុងនាមជាឧបករណ៍សម្របសម្រួលរវាងរដ្ឋសមាជិក ឥឡូវនេះវាបានក្លាយជានិមិត្តសញ្ញានៃចក្ខុវិស័យថ្មីនាពេលអនាគត របស់មនុស្សជាតិដែលតំណាងឱ្យក្ដីសង្ឃឹមរបស់ប្រជាជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយយុត្តិធម៌។ ប្រទេសចិន គឺជាអ្នកជំរុញដ៏សំខាន់មួយក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីនានា”។

ពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មានក្នុងមួយសតវត្សកន្លងមក។ មួយផ្នែក ការធ្វើសកលភាវូបនីយកម្មបានជួបប្រទះនឹងចរន្តបញ្ច្រាស ប្រទេសលោកខាងលិចមួយចំនួនតូចបានទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសជាទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ និងបង្កការបដិបក្ខគ្នាជាក្រុម ដើម្បីគោលបំណងខាងភូមិសាស្ត្រនយោបាយ។ មួយផ្នែកទៀត ប្រទេស”សកលខាងត្បូង”បានងើបឡើងវិញជាក្រុម ហើយបានក្លាយជាចរន្តយុគសម័យដែលមិនអាចបកក្រោយវិញបាន ។ក្នុងបរិបទបែបនេះ ក្នុងនាមជាវេទិកាសំខាន់សម្រាប់ប្រទេស “សកលខាងត្បូង” ពិគ្រោះពិភាក្សារួមគ្នាអំពីកិច្ចសហប្រតិបត្តិការនិងការស្វែងរកការអភិវឌ្ឍរួមគ្នា យន្តការសហប្រតិបត្តិការរវាងប្រទេស BRICS កាន់តែមានតម្លៃយុគសម័យ។ “ស្មារតី BRICS ” ស្តីពីការបើកចំហ បរិយាបន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដែលយន្តការនេះប្រកាន់ខ្ជាប់នោះកាន់តែមានកម្លាំងទាក់ទាញទៅទៀត។

ទន្ទឹមនឹងនេះ យន្តការសហប្រតិបត្តិការនេះ បានសមស្របតាមសំណូមពររបស់ប្រទេសកំពុងអភិវឌ្ឍន៍ យ៉ាងទូលំទូលាយក្នុងការសម្រេចបាននូវការអភិវឌ្ឍរួម។ នៅខែមករាឆ្នាំ២០២៤ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់និងអេត្យូពីបានចូលជាសមាជិកជាផ្លូវការ ចំនួនប្រជាជននៃបណ្តាប្រទេសជាសមាជិក “មហាBRICS” គឺត្រូវជាពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកទាំងមូល ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនឹងលើសពី ៥០ភាគរយ ទំហំសេដ្ឋកិច្ចសរុបបានលើសពីប្រទេស G7 បើគណនាតាមកម្លាំងបញ្ជាទិញ “មហា BRICS ” មានសមត្ថភាពរួមចំណែកកម្លាំងកាន់តែច្រើន សម្រាប់ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះទេ យន្តការសហប្រតិបត្តិការរវាងប្រទេស BRICS ក៏បានផ្តល់វេទិកា និងឱកាសដល់ប្រទេសនានាក្នុងការចូលរួមអភិបាលកិច្ចសកលផងដែរ។
នៅពេលអនាគត ស្របពេលដែលប្រទេសកាន់តែច្រើនស្នើសុំចូលរួម តួនាទីប្រកបដោយវិជ្ជមាន ស្ថិរភាពនិងសប្បុរសក្នុងកិច្ចការអន្តរជាតិរបស់ “មហា BRICS ” នឹងកាន់តែមានភាពលេចធ្លោ ហើយកម្លាំងដែលការពារពហុប៉ូលភាវូបនីយកម្ម និងពហុភាគីនិយមលើពិភពលោកនឹងកាន់តែខ្លាំងក្លាឥតឈប់ឈរ។

យើងអាចរំពឹងទុកថា ក្រោមការខិតខំប្រឹងប្រែងរបស់ភាគីចិននិងរដ្ឋសមាជិកBRICSដទៃទៀត កិច្ចប្រជុំកំពូលលើកនេះនឹងបំពេញបន្ថែមនូវស្ថិរភាព និងកម្លាំងវិជ្ជមានកាន់តែច្រើនដល់ពិភពលោកដែលមានភាពច្របូកច្របល់ និងជំរុញបន្ថែមទៀតនូវការរីកចម្រើនរួមគ្នានៃប្រទេស “សកលខាងត្បូង” ។ អនាគតនៃ “កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេស BRICS ” គួរឱ្យរំពឹងទុក!

To Top