កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពទ័ពជើង គោក ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន ៣ គោលដៅ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលតំបន់កែងបឹង ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំ ណាក់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច សំខាន់ៗមួយចំនួន មានជាអាទិ៍៖ ទីមួយ ត្រូវបន្តប្ដេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់ និងបង្ក្រាបមិនឲ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រាន ព្រៃឈើយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ បានជាដាច់ខាត ។ ទីពីរ ត្រូវគ្រប់គ្រងផ្ទៃដីដែលបានដកហូតពីជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ឱ្យបានហ្មត់ចត់ ដើម្បីមានវិធានការដាំស្ដារព្រៃឈើឡើងវិញ និងទីបី ត្រូវសាមគ្គី ឯកភាព សហការគ្នាឲ្យបានល្អរវាងកងកម្លាំងចម្រុះ និងអាជ្ញាធរដែនដី ដើម្បីបន្តគ្រប់គ្រងការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។
ដោយឡែកក្នុងករណីមានបុគ្គលណាដែលស្ថិតនៅក្នុងកងកម្លាំងចម្រុះលួចឃុបឃិតគ្នាក្នុងការចូលរួមជាមួយជនល្មើស បំផ្លាញធនធានធម្មជាតិ ត្រូវទទួលទោសតាមច្បាប់ ជាធរមានដោយគ្មានការលើកលែងឡេីយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៣ គោលដៅ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ដើម្បីបន្តធ្វើសកម្មភាពបន្ថែមទៀត ឲ្យដូចភ្លៀង រលឹម ដោយគ្មានការដកថយឡើយ៕
ដោយ៖ សំនៀង