ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកកំពង់ស្វាយ ស្វែងរកសពក្មេងប្រុស ដែលបាត់ខ្លួន ក្នុងហេតុការណ៍លិចកាណូត

កំពង់ធំ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង ២០នាទី មានករណី លិចកាណូត ០១គ្រឿង ស្ថិតនៅចំណុចត្រពាំងរាំង តំបន់ផ្ទះជៀល ក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ខណៈជនរងគ្រោះ ធ្វើដំណើរទៅជាមួយឪពុក វិលត្រឡប់មកផ្ទះវិញ បន្ទាប់ចូលរួមពិធីបុណ្យកឋិនទាន នៅវត្តភ្នំជីមុស ខេត្តកំពង់ឆ្នាំង លុះមកដល់ទីកន្លែងកើតហេតុ ស្រាប់តែមានខ្យល់ខ្លាំង បោកបក់បណ្តាលឱ្យលិចកាណូត ០១គ្រឿង បាត់មនុស្ស ០១នាក់ ឈ្មោះ វុធ វ៉ាន់ណាល់ ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ភ្លាមៗនោះ បន្ទាប់ពីទទួលព័ត៌មាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក បានចេញអន្តរាគមន៍ ដល់ទីកន្លែងកើតហេតុ ដើម្បីជួយស្វែងរកសពក្មេងប្រុស ដែលបានបាត់ខ្លួន ក្នុងហេតុការណ៍លិចកាណូត។

លុះដល់វេលាម៉ោង១១ និង ១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានរកឃើញ សពក្មេងប្រុស ដែលបាត់ខ្លួន ព្រមទាំងប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ទំនៀមទម្លាប់តាមព្រះពុទ្ធសាសនា៕​​

ដោយ៖ សំនៀង

To Top