ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបទបញ្ជាឱ្យកោះហៅនាយទាហានឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យ។
តាមរយៈគេហំទំព័រហ្វេសប៊ុករបស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយ តាមបណ្តាញព័ត៌មានសង្គម។ បុគ្គលរូបនេះ ជានាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល។
ជុំវិញបញ្ហានេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនសាធារណជន ថា
១- នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។
២-អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់៕