ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះ គឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ លោក បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានបង្ហាញនូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន។

សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃនៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចបវរធិបតី បានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន។

សម្ដេចបវរធិបតី និងលោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យការពារជាតិ និងសន្ដិសុខ ជាពិសេស ការបង្ក្រាបបទល្មើសឆ្លងដែន សំដៅ ប្រែក្លាយព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ។ ក្រៅពីនេះ ក្នុងគោលដៅជំរុញវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនសម្ដេចបវរធិបតី និងលោកឧបនាយករដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត ជាពិសេសការបើកជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់៕

To Top