ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ហៅអ៊ុយក្រែនថា ជាមនុស្សឆ្កួត បន្ទាប់ពីចោទថា ក្រុងព្យុងយ៉ាងបញ្ជូនកងទ័ពទៅជួយរុស្ស៊ី

RT News

បរទេស៖ លោកស្រី Kim Yo-jong មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាប្អូនស្រីរបស់មេដឹកនាំប្រទេស គឺលោក Kim Jong-un បានរិះគន់ចំពោះ “មនុស្សឆ្កួត” នៅក្នុងទីក្រុងសេអ៊ូល និងទីក្រុងគៀវ ដែលគំរាមកំហែងដល់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្រង់ដែលបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ មិនបានសំដៅទៅលើសេចក្តីថ្លែងការណ៍ជាក់លាក់របស់រដ្ឋាភិបាលទាំងពីរនោះទេ ប៉ុន្តែបាននិយាយថា “ការកត់សម្គាល់ដែលមិនប្រុងប្រយ័ត្ន” របស់ពួកគេហាក់ដូចជា “លក្ខណៈទូទៅនៃសត្វឆ្កែអាក្រក់ចិញ្ចឹមដោយសហរដ្ឋអាមេរិក” ។ លោកស្រី Kim ក៏បានរំលឹកឡើងវិញនូវការចោទប្រកាន់របស់ទីក្រុងព្យុងយ៉ាងប្រឆាំងនឹងទីក្រុងសេអ៊ូល ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានរំលោភដែនអាកាសកូរ៉េខាងជើង។

មន្ត្រីអ៊ុយក្រែនអះអាងថា ទាហានកូរ៉េខាងជើងបានដាក់ពង្រាយនៅខាងរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន។ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយនៅក្នុងសុន្ទរកថាសំខាន់មួយកាលពីសប្តាហ៍មុនថា ក្រុងកៀវឥឡូវនេះកំពុងប្រយុទ្ធជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ បន្ថែមពីលើរុស្ស៊ី។

កូរ៉េខាងត្បូងបានធ្វើការអះអាងស្រដៀងគ្នានេះ ដោយបញ្ជាក់កាលពីសប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាងមានបំណងបញ្ជូនកងពលតូចចំនួនបួនដែលមានទាហានសរុបចំនួន ១២.០០០នាក់ រួមទាំងកងកម្លាំងពិសេសទៅជួយក្រុងម៉ូស្គូផងដែរ។ ការវាយតម្លៃបានមកពីសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS)។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយកាលពីថ្ងៃអង្គារថា ជាលទ្ធផល ទីក្រុងសេអ៊ូលកំពុងពិចារណាលើការដាក់ពង្រាយបេសកកម្មស៊ើបការណ៍សម្ងាត់ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីតាមដានស្ថានការណ៍ ហើយអាចនឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនដែលមិនផ្តល់អាវុធដល់ទីក្រុងគៀវ។

យ៉ាងណាក៏ដោយ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅថាជា “រឿងមិនពិត” ដែលសូម្បីតែអ្នកគាំទ្រលោកខាងលិចនៃទីក្រុងគៀវ ក៏បដិសេធមិនព្រមទទួលដែរ។ កាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា លោក “មិនអាចបញ្ជាក់” របាយការណ៍នេះបានទេ ប៉ុន្តែបានហៅពួកគេថា “ពាក់ព័ន្ធ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top