ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង ចុះត្រួតពិនិត្យមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ ដោយអំពាវនាវដល់កងកម្លាំងឲ្យរក្សាជំហរ ក្នុងការឆ្លើយតបទៅកាន់គំរាមកំហែង

Xinhua

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា កូរ៉េខាងជើងនោះ បានចុះត្រួតពិនិត្យមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ ដោយបានអំពាវនាវឱ្យកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់ប្រទេសនេះ រក្សាជំហរទប់ទល់ជាការឆ្លើយតបទៅនឹងការគំរាមកំហែងដែលចេះតែកើនឡើងពីសហរដ្ឋអាមេរិក ។

លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានពិនិត្យមើលពីការត្រៀមខ្លួនសម្រាប់សកម្មភាពទប់ស្កាត់ជាយុទ្ធសាស្ត្រដែលភ្ជាប់ដោយផ្ទាល់ជាមួយសន្តិសុខរដ្ឋ រួមទាំងមុខងារ និងសមត្ថភាពនៃកន្លែងបាញ់មីស៊ីលនៅក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងថា មូលដ្ឋានមីស៊ីល និងកាតព្វកិច្ចប្រយុទ្ធមីស៊ីលយុទ្ធសាស្ត្រ តែទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ដោយមិនបានបញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចត្រួតពិនិត្យនេះទេ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា តាមការកត់សម្គាល់ កម្លាំងមីស៊ីលយុទ្ធសាស្ត្រ គឺជា “កម្លាំងស្នូល” នៃការរារាំងសង្គ្រាមរបស់ប្រទេសនេះ លោក គីម បានសង្កត់ធ្ងន់ទៅលើគោលការណ៍សំខាន់នៃយុទ្ធសាស្ត្រការពារជាតិនៃ “ការធ្វើទំនើបកម្មបច្ចេកទេសនៃកងកម្លាំងប្រដាប់អាវុធទាំងមូល ជាមួយនឹងកម្លាំងមីស៊ីលយុទ្ធសាស្ត្រជាអាទិភាព” ។

ដោយសារមធ្យោបាយនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក បង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខកូរ៉េខាងជើង វាគឺជាការចាំបាច់ជាបន្ទាន់សម្រាប់ប្រទេសនេះ ដើម្បី “ពង្រឹងការទប់ស្កាត់សង្គ្រាមរបស់ខ្លួនឱ្យកាន់តែច្បាស់ និងប្រកាន់យកនូវឥរិយាបថប្រឆាំងយ៉ាងហ្មត់ចត់ និងតឹងរឹងនៃកងកម្លាំងនុយក្លេអ៊ែរ” ។ ទីភ្នាក់ងារ KCNAបានផ្សាយដូច្នេះ ។

ទីភ្នាក់ងារ KCNA បានរាយការណ៍ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការ “ធ្វើទំនើបកម្ម និងពង្រឹងមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ និងធ្វើឱ្យមូលដ្ឋានទាំងអស់ត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីរក្សាជំហរប្រឆាំងឱ្យបានហ្មត់ចត់ ដែលមានសមត្ថភាពអាចដោះស្រាយការវាយបកជាយុទ្ធសាស្ត្រភ្លាមៗចំពោះសត្រូវគ្រប់ពេលវេលា និងក្នុងកាលៈទេសៈណាក៏ដោយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top