ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រុំ ជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលផ្ដល់បរិយាកាស អំណោយផល ដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និង ប្រជាជន នៃប្រទេសទាំងពីរ។
ការប្ដេជ្ញាចិត្តជាវិជ្ជមាននេះ បានធ្វើឡើងក្នុងឱកាសប្រមុខក្រសួងមហាផ្ទៃទាំងពីរ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា និងសមភាគីថៃ ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានខិតខំអនុវត្តស្មារតី នៃកិច្ចប្រជុំកាលពីឆ្នាំ២០២២ ធ្វើឱ្យទំនាក់ទំនងខេត្តនឹងខេត្ត ជារួមប្រទេសនឹងប្រទេសបន្តមានភាពល្អប្រសើរ ទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា។
ភាគីទាំងពីរ ក៏បានបន្តផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗ ជាអាទិ៍ ករណីពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ ការងារច្រកទ្វារព្រំដែន ការនាំចេញកសិផលកម្ពុជា ទៅប្រទេសថៃ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា នឹងដកស្រង់បទពិសោធន៍ ទៅវិញទៅមក និងការរៀបចំក្រុមមន្រ្តី សម្រួលដល់ការផ្លាស់ប្ដូរព័ត៌មាន ។ ជាពិសេសទំនាក់ទំនងការងារដទៃទៀត ឱ្យបានឆាប់រហ័សនឹងទាន់ពេលវេលា។
ភាគីទាំងពីរ បានសម្ដែងក្ដីសង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសនឹងប្រទេស និងដោយឡែកខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ទាំងលើវិស័យសន្តិសុខ ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍៕