បរទេស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់ និងអ្នកគ្រប់គ្រងកប៉ាល់ដឹកទំនិញ ដែលបើកបណ្តាលឱ្យបាក់ស្ពាន Baltimore បានយល់ព្រមបង់ប្រាក់ជាង ១០២ លានដុល្លារសម្រាប់ថ្លៃសម្អាតដើម្បីដោះស្រាយ បណ្តឹងដែលនាំមកដោយ ក្រសួងយុត្តិធម៌អាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលប្រកាសអំពីកិច្ចព្រមព្រៀងនេះថា ដំណោះស្រាយមិនគ្របដណ្តប់ការខូចខាតណាមួយ សម្រាប់ការកសាងស្ពានឡើងវិញនោះទេ។ គម្រោងសាងសង់នោះអាចចំណាយប្រាក់ជិត ២ពាន់លានដុល្លារ។ រដ្ឋ Maryland បានដាក់ពាក្យបណ្តឹងទាមទារសំណងផ្ទាល់ខ្លួន ដើម្បីស្វែងរកការខូចខាតទាំងនោះ។
ដំណោះស្រាយនេះកើតឡើងមួយខែ បន្ទាប់ពីក្រសួងយុត្តិធម៌បានប្តឹងម្ចាស់កប៉ាល់ឈ្មោះ Grace Ocean Private Ltd. និងអ្នកគ្រប់គ្រងក្រុមហ៊ុន Synergy Marine Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីស្វែងរកមូលនិធិពីការសម្អាត។
នាយកដ្ឋានយុត្តិធម៌បានចោទប្រកាន់ថា ប្រព័ន្ធអគ្គិសនី និងមេកានិកនៅលើកប៉ាល់ Dali ត្រូវបានថែទាំមិនត្រឹមត្រូវ ដែលបណ្តាលឱ្យវាបាត់បង់ថាមពល និងបណ្តាលឱ្យខុសផ្លូវ មកបុកសសរស្ពាន Francis Scott Key ក្នុងខែមីនា។ កប៉ាល់ចាកចេញពីទីក្រុង Baltimore ឆ្ពោះទៅប្រទេសស្រីលង្កា នៅពេលដែលចង្កូតរបស់វាបរាជ័យ ដោយសារតែការបាត់បង់ថាមពល។
បុរស៦នាក់បានធ្លាក់ទឹកស្លាប់ ក្រុមអ្នកបោសសម្អាតបានធ្វើការ ដើម្បីស្វែងរកសាកសព និងយកដែកដែលធ្លាក់ចូលទឹករាប់ពាន់តោន និងកម្ទេចបេតុងចេញពីបាតទន្លេ Patapsco ។ នាវា Dali នៅតែជាប់គាំងចំពេលមាន បំណែកបាក់បែកអស់រយៈពេលជិត ២ ខែ មកនេះ ៕
ប្រែសម្រួលៈ ណៃ តុលា