ព័ត៌មានជាតិ

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដល់គ្រួសារទីទ័លក្រ

កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ៥គ្រួសារ នាថ្ងៃទី២៥ ខែតុលានេះ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់គ្រួសារទីទ័លក្រ។

ជាមួយគ្នានេះ លោកបានណែនាំដល់ពុក ម៉ែបងប្អូន ប្រជាពលរដ្ឋ និងអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នពីបញ្ហាទឹកជំនន់ជាពិសេស មិនត្រូវបណ្ដែតបណ្ដោយនិងទុកកុមារ ឬកូនចៅ តូចៗឱ្យនៅផ្ទះតែឯងឬទៅសាលារៀនដោយពុំមានមនុស្សចាស់នៅមើលថែឬជូនទៅជាមួយនោះឡើយ ព្រោះអាចបង្ករជាហានិភ័យផ្សេងៗឬក៏លិចលង់ជាយថាហេតុបាន។

លើសនេះលោក បានជំរុញដល់ប្រជាពលរដ្ឋប្រសិនបើពួកគាត់មានបញ្ហាស្បៀងអាហារ ឬសេវាផ្សេងៗសូមអញ្ជើញទាក់ទងអោយបានបន្ទាន់ទៅមេភូមិ ឬរដ្ឋបាលឃុំដើម្បីបានសម្របសម្រួលនិងជួយដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា គ្រួសារទាំង៥ ខាងលើក្នុងមួយគ្រួសារៗទទួលបាននូវ ៖ អង្ករ ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៉ីអ៉ីវ០២យួរ ហើយគ្រួសារសពទទួលបាននូវបន្លុងមួយឈុតនិងបច្ច័យ ៣៣ ម៉ឺនរៀលផងដែរ៕

ដោយ៖ សំនៀង

To Top