ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីសិង្ហបុរី  អបអរសាទរចំពោះលោក  Luong Cuong ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់ ប្រទេសវៀតណាម

afp

សិង្ហបុរី៖ នៅថ្ងៃសុក្រនេះ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានអបអរសាទរចំពោះលោក Luong Cuong ដែលត្រូវបានតែងតាំងឲ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម ។

ឧត្តមសេនីយយោធាវ័យ​ ៦៧ ឆ្នាំរូបនេះ គឺជាប្រធានាធិបតីទី៤ របស់ប្រទេសវៀតណាម ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានវិបត្តិនយោបាយ ។ លោកបានជំនួសតំណែងលោក To Lam ដែលបានធ្វើជាប្រធានាធិបតីកាលពីខែឧសភា បន្ទាប់ពីអ្នកកាន់តំណែងមុនចំនួន ០២រូប ត្រូវបានបណ្តេញចេញពីមុខតំណែងនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។

ក្រសួងការបរទេសសិង្ហបុរី ហៅកាត់ថា (MFA) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា នៅក្នុងលិខិតមួយ លោក Tharman បានអបអរសាទរចំពោះលោក Cuong ។

លោក Tharman បានថ្លែងថា “ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសសិង្ហបុរី និងវៀតណាម បានរីកចម្រើនពីភាពខ្លាំងមួយឈានទៅដល់ភាពខ្លាំងថែមទៀត” ។

គួររំលឹកថា កាលពីឆ្នាំមុន សិង្ហបុរី និងវៀតណាម បានប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ និង ១០ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង ២នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top