ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មិនបដិសេធរបាយការណ៍អំពីកងទ័ពកូរ៉េខាងជើង

Xinhua

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក  វ្ល៉ាឌីមៀ ពូទីន មិនបានបដិសេធចំពោះការអះអាងរបស់សហរដ្ឋអាមេរិកដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានទៅរុស្ស៊ីនោះទេ ប៉ុន្តែលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាអាស្រ័យលើទីក្រុងមូស្គូអំពីរបៀបដំណើរការឃ្លាការពារទៅវិញទៅមករបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ហើយបានចោទប្រកាន់លោកខាងលិចវិញថា បានបង្កើនសង្គ្រាមអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានឃើញភស្តុតាងដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣.០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយ ដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយដែលលោកខាងលិចកំពុងបង្ហាញជាការកើនឡើងដ៏សំខាន់នៃសង្គ្រាមអ៊ុយក្រែន។

នៅពេលសួរដោយអ្នកសារព័ត៌មានអំពីរូបភាពផ្កាយរណបដែលបង្ហាញពីចលនារបស់ទាហានកូរ៉េខាងជើង លោកពូទីនបាននិយាយថា “រូបភាពគឺជារឿងមែនទែន ប្រសិនបើមានរូបភាព នោះឆ្លុះបញ្ចាំងពីអ្វីមួយ”។ ប៉ុន្តែ​លោក​បាន​និយាយ​ថា មន្ត្រី​និង​គ្រូ​បង្ហាត់​របស់​អង្គការ​អូតង់​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​សង្គ្រាម​អ៊ុយក្រែន ហើយ​វា​ជា​ប្រទេស​លោកខាងលិច​ដែល​បាន​បង្កើន​វិបត្តិ​អ៊ុយក្រែន។

លោកពូទីនបាននិយាយទៀតថា “យើងដឹងថាអ្នកណាដែលមានវត្តមាននៅទីនោះ មកពីប្រទេសណាតូអឺរ៉ុប និងរបៀបដែលពួកគេអនុវត្តការងារនេះ” ។

ប្រមុខ​វិមាន​ក្រឹមឡាំង​បាន​លើក​ឡើង​ជាពិសេស​លើ​មាត្រា ៤ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រុស្ស៊ី​ជាមួយ​កូរ៉េខាងជើង ដែល​ទាក់ទង​នឹង​ការការពារ​ទៅវិញទៅមក។

លោកពូទីនបាននិយាយថា “មានមាត្រា ៤ , យើងមិនដែលសង្ស័យយ៉ាងហោចណាស់ថា មេដឹកនាំកូរ៉េខាងជើងយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងរបស់យើងទេ។ ប៉ុន្តែអ្វីដែលយើងធ្វើនៅក្នុងក្របខ័ណ្ឌនៃអត្ថបទនេះគឺជារឿងរបស់យើង” ។

អ្នកតំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបាននិយាយថា ការអះអាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអំពីការបញ្ជូនទាហានទៅប្រទេសរុស្ស៊ីគឺជា “ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top