ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ៖ ហ្គាហ្សា ប្រឈមមុខនឹងហានិភ័យនៃការរីករាលដាលជំងឺស្វិតដៃជើង ប្រសិនបើការចាក់វ៉ាក់សាំង បន្តពន្យារពេល

afp

ហ្គាហ្សា៖ វាពិតជាត្រូវការបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលតំបន់នេះប្រឈមមុខនឹងការគំរាមកំហែងបន្ថែមនៃការរីករាលដាលនៃជំងឺស្វិតដៃជើង ប្រសិនបើដំណាក់កាលចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំង បន្តពន្យារពេលនៅក្នុងតំបន់ហ្គាហ្សាខាងជើង ដែលត្រូវបានឡោមព័ទ្ធ។

មន្ត្រី​មនុស្សធម៌​អង្គការសហប្រជាជាតិបានឲ្យដឹងថា ដំណាក់កាលទីបី និងចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធ នៅតំបន់ហ្គាហ្សាភាគខាងជើង ត្រូវតែត្រូវបានពន្យារពេល ដោយសារតែការកើនឡើងនៃអំពើហិង្សា ការទម្លាក់គ្រាប់បែកដ៏ខ្លាំង ការផ្លាស់ទីលំនៅដ៏ធំ និងកង្វះសកម្មភាពមនុស្សធម៌ ដែលត្រូវបានធានា។

លោក Louise Wateridge អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងថា “វាជាការចាំបាច់ ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃជំងឺស្វិតដៃជើងនៅក្នុងតំបន់ហ្គាហ្សា មុនពេលកុមារជាច្រើននាក់ទៀតពិការ ហើយមេរោគនឹងរីករាលដាល យុទ្ធនាការចាក់វ៉ាក់សាំងត្រូវតែត្រូវបានសម្របសម្រួលនៅភាគខាងជើង តាមរយៈការអនុវត្តការផ្អាក សម្រាប់សកម្មភាពមនុស្សធម៌” ។

លោក Wateridge បានលើកឡើងថា លក្ខខណ្ឌបច្ចុប្បន្ន រួមទាំងការវាយប្រហារ ដែលកំពុងបន្តលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បន្តបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព និងចលនារបស់ប្រជាជននៅភាគខាងជើងតំបន់ហ្គាហ្សា ដែលធ្វើឱ្យគ្រួសារមិនអាចនាំកូនរបស់ពួកគេទៅចាក់វ៉ាក់សាំងដោយសុវត្ថិភាព និងបុគ្គលិកសុខាភិបាល ដើម្បីធ្វើប្រតិបត្តិការបាន។

ចាប់តាំងពីការចាប់ផ្តើមនៃជុំទីពីរនៃយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅថ្ងៃទី១៤ ខែតុលា កុមារ ៤៤២,៨៥៥នាក់ ដែលមានអាយុក្រោម ១០ ឆ្នាំត្រូវបានចាក់វ៉ាក់សាំងដោយជោគជ័យនៅភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលតំណាងឱ្យ ៩៤ភាគរយនៃគោលដៅនៅក្នុងតំបន់ទាំងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top