ព័ត៌មានអន្តរជាតិ

តួកគី កំណត់បានអត្តសញ្ញាណអ្នកវាយប្រហារ ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍អង់ការ៉ា ថាជាសមាជិក PKK

Xinhua

អង់ការ៉ា៖ អាជ្ញាធរតួកគីបានឲ្យដឹងថា ពួកគេបានកំណត់អត្តសញ្ញាណជនដៃដល់ពីរនាក់ គឺបុរសម្នាក់ និងស្ត្រីម្នាក់ដែលបានធ្វើការវាយប្រហារភេរវកម្មកាលពីថ្ងៃពុធ លើទីស្នាក់ការកណ្តាល ឧស្សាហកម្មអាកាសចរណ៍តួកគី (TUSAS) ក្នុងទីក្រុងអង់ការ៉ា។

យោងតាមរដ្ឋមន្ត្រីមហាផ្ទៃលោក Ali Yerlikaya បានឲ្យដឹងថា អ្នកវាយប្រហារទាំងពីរត្រូវបានបញ្ជាក់ថាជាសមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់។

ការ​វាយ​ប្រហារ​ដែល​ពាក់​ព័ន្ធ​នឹង​កាំភ្លើង​ស្វ័យ​ប្រវត្តិ និង​គ្រឿង​ផ្ទុះ​បាន​បណ្តាល​ឲ្យ​មនុស្ស ៥នាក់​ស្លាប់ និង ២២aនាក់​ផ្សេង​ទៀត​រង​របួស។  យោងតាមទូរទស្សន៍ក្នុងស្រុក NTV អ្នករបួសប្រាំបីនាក់បានចេញពីមន្ទីរពេទ្យចាប់តាំងពីពេលនោះមក។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​នេះ តួកគី បាន​បង្កើន​វិធានការ​សន្តិសុខ ជា​ពិសេស​នៅ​ព្រលាន​យន្តហោះ ខណៈពេលដែលគ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Yasar Guler បានបញ្ជាក់ថា យោធាបានឆ្លើយតបដោយការវាយប្រហារទៅលើគោលដៅ PKK ចំនួន ២៩ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និង ១៨ នៅភាគខាងជើងប្រទេសស៊ីរី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top