ព័ត៌មានជាតិ

លោក​ ហេង សួរ អញ្ជើញបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅអគារពិព័រណ៍កោះពេជ្រ ដែលមានឱកាសការងារជាង ៣ ម៉ឺនកន្លែងសម្រាប់យុវជន

ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ ត្រូវបានបើកដំណើរជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំជាងគេនៅកម្ពុជា។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤នេះ មានក្រុមហ៊ុន សហគ្រាស និងស្ថាប័នចំនួន ១៥០ បានចូលរួមដោយផ្តល់ឱកាសការងារជាង ៣ម៉ឺន កន្លែងសម្រាប់យុវជន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ត្រូវបានរៀបចំឡើងដើម្បីជួយយុវជន, អ្នកស្វែងរកការងារ, និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលឱ្យមានការយល់ដឹង និងទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យអំពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សារៈសំខាន់នៃការលើកកម្ពស់ផលិតភាពនិងសហគ្រិនភាព ពិព័រណ៍ការងារថ្នាក់ជាតិលើកទី ១៤នេះ ក៏បានរៀបចំឱ្យមានសិក្ខាសាលាស្តីអំពី “ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព” និង “ការលើកស្ទួយសហគ្រិនភាពយុវជន ដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា”។

លោក​ ហេង សួរ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់តាំងបង្ហាញនូវបញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវានានារបស់ក្រសួងដល់សាធារណជន និង Robot Coffee ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET ។ តាមរយៈស្នាដៃថ្មីទាំងពីរនេះ រួមផ្សំជាមួយឱកាសការងារជាង ៣ម៉ឺនកន្លែង ក្រសួងរំពឹងថា នឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើនជាងឆ្នាំកន្លងទៅ ដោយអាចនឹងទាក់ទាញយុវជនសិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន សរុបប្រមាណ ១០ម៉ឺននាក់ ដោយអ្នកចូលរួមដោយផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ និងអ្នកចូលរួមតាមរយៈអនឡាញប្រមាណ ៦ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនេះ។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបថា បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រ www.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុងរស់នៅនៅតាមបណ្តាខេត្តផ្សេងៗក៏អាចទទួលបាននូវឱកាសដូចគ្នាក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាសន៍ជាមួយនឹងសហគ្រាស ក្រុមហ៊ុន ដែលកំពុងមានតម្រូវការងារនៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជនដែលមកផ្ទាល់ផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286៕

To Top