ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៦ តុលា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជាដែលនេះគឺជាការបាត់បង់នូវ លោកឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូបប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់ ថ្នាក់ដឹកនាំដ៏ឆ្នើម មានចក្ខុវិស័យវែងឆ្ងាយ គួរឱ្យគោរពប្រកបដោយបញ្ញាញាណ ឆន្ទៈមនសិកាជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ៕