ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ៥៣នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើភាគខាងជើងនៃតំបន់ហ្គាហ្សា និងភាគខាងត្បូង គិតចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ ។
នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅនៅថ្ងៃសុក្រ ដែលជាការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ស្ថិតនៅភាគខាងជើងនៃជំរំ Al-Shati ប្រភពក្នុងស្រុក និងសាក្សីបានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះ ។
ក្រុមពេទ្យយោធាបានរាយការណ៍មកថា ក្រុមគ្រូពេទ្យ និងសេវាការពារជនស៊ីវិល បានទាញយកសាកសពមនុស្សចំនួន ១១នាក់ និងបានរកឃើញអ្នករបួសជាច្រើននាក់ ដែលក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Al-Ahli Arab ក្នុងទីក្រុង ហ្គាហ្សា ។
សេចក្តីថ្លែងការណ៍របស់ក្រុមសេវាការពារជនស៊ីវិលរបស់ទីក្រុងនេះបានបញ្ជាក់ថា លើសពីនេះទៅទៀត ជនជាតិប៉ាឡេស្ទីន ០២នាក់បានស្លាប់ និង០៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅកំពង់ផែភាគខាងលិចនៃទីក្រុង ហ្គាហ្សា ហើយជនជាតិប៉ាឡេស្ទីន ០២នាក់ទៀត បូករួមទាំងក្មេងស្រីម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើកទី៣ របស់អ៊ីស្រាអ៊ែល ដែលសំដៅមកលើពួកគេនៅផ្លូវ Senaa ភាគខាងលិចនៃទីក្រុងខាងលើ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ នៅតំបន់ហ្គាហ្សាភាគខាងត្បូង យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន ៣៨នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនជាកុមារ និងស្ត្រី នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើផ្ទះដែលនៅភាគអាគ្នេយ៍នៃទីក្រុង Khan Younis គិតចាប់ពីយប់ថ្ងៃព្រហស្បតិ៍ ដល់ព្រឹកថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា