ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីក្រុងមូស្គូថា លោកខាងលិច កំពុងលួចលុយរាប់ពាន់លានដុល្លាររបស់រុស្ស៊ី

RT News

បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូលោក Ivan Chebeskov បាននិយាយថា ការប្រើប្រាស់ការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ីដែលបង្កក ដើម្បីធ្វើប្រាក់កម្ចីដល់អ៊ុយក្រែនគឺផ្ទុយនឹងច្បាប់អន្តរជាតិ ហើយនឹងប្រឆាំងតបតចំពោះលោកខាងលិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី នៅពេលដែលជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ច្រើនជាងពីរភាគបីនៃមូលនិធិប្រហែល ២១៣ពាន់លានដុល្លារ កំពុងរក្សាទុកនៅឯការិយាល័យបោសសម្អាតប្រាក់ Euroclear ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល។

លោក Chebeskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ជាការពិតណាស់ការសម្រេចចិត្តទាំងនេះដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប គឺមិនស្របច្បាប់ទេ ពួកគេផ្ទុយនឹងគោលការណ៍នៃច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិពួកគេប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលមាន” ។

អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី ក៏បាននិយាយរឿងនេះ នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នគ្រប់គ្រង IMF និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន ផងដែរ។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីការសម្រេចចិត្តផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២០ពាន់លានដុល្លារ ដោយប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកជាវត្ថុបញ្ចាំ។ ទន្ទឹមនឹងនេះ សភាអឺរ៉ុបបានគាំទ្រប្រាក់កម្ចីរហូតដល់ ៣៥ពាន់លានអឺរ៉ូ (៣៨ពាន់លានដុល្លារ) ដល់ទីក្រុងគៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top