ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសហរដ្ឋអាមេរិក ចំពោះការធ្វើសមយុទ្ធចុងក្រោយបង្អស់ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន

afp

សេអ៊ូល៖ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការធ្វើសមយុទ្ធយោធាចុងក្រោយបំផុតដែលធ្វើឡើងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន រួមជាមួយនឹងការបង្កហេតុផ្សេងទៀត ដោយបានលើកឡើងថា សកម្មភាពទាំងនេះ ធ្វើឱ្យកាន់តែធ្ងន់ធ្ងរទៅៗ និងបង្កឲ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំ ដែលមានឈ្មោះថា “ទង់សេរីភាព” ជាមួយនឹងកូរ៉េខាងត្បូង និងអូស្ត្រាលី ដែលសហរដ្ឋអាមេរិក បានធ្វើឡើងដូច្នេះដោយបើកចំហចំពោះមុខកូរ៉េខាងជើង ។

ដោយសង្កត់ធ្ងន់លើសមយុទ្ធនេះដែរ “បង្ហាញពីលក្ខណៈវាយលុក និងឈ្លានពានកាន់តែច្បាស់នៅក្នុងទំហំ ខ្លឹមសារ និងចរិតលក្ខណៈរបស់សមយុទ្ធ” នៅក្នុងសេចក្តីថ្លែងការណ៍បានហៅ ការធ្វើសមយុទ្ធនេះថា “ជាការបង្កហេតុខាងយោធាដ៏គ្រោះថ្នាក់បំផុតក្នុងគោលបំណងធ្វើការវាយប្រហារជាមុន និងគួរឱ្យភ្ញាក់ផ្អើលមកលើប្រទេសកូរ៉េខាងជើង” ។

លើសពីនេះ សេចក្តីថ្លែងការណ៍របស់ប្រទេសកូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះតួនាទីរបស់ខ្លួន ខណៈដែលបានលើកឡើងវិញនូវការចោទប្រកាន់កាលពីដើមខែដែលកូរ៉េខាងត្បូង បានធ្វើការហោះហើរយន្តហោះគ្មានមនុស្សបើក និងទម្លាក់ខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើង មកលើទីក្រុងព្យុងយ៉ាង ។ កូរ៉េខាងត្បូង បានលើកឡើងថា កូរ៉េខាងជើង “នៅតែរក្សាការយល់ឃើញរបស់ខ្លួននូវស្រមោលងងឹតរបស់សហរដ្ឋអាមេរិក ដែលលាក់បាំងដោយនៅពីក្រោយសកម្មភាពបង្កហេតុនេះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top