KHARTOUM៖ មនុស្សលើសពី ៥០នាក់បានស្លាប់ និងជាង ២០០នាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហារមួយរបស់កងកម្លាំងគាំទ្ររហ័ស ហៅកាត់ (RSF) មកលើភូមិមួយនៅភាគកណ្តាលនៃប្រទេសស៊ូដង់ ។
គណៈកម្មាធិការតស៊ូ ដែលជាក្រុមស្ម័គ្រចិត្តនៅទីក្រុង Wad Madani រដ្ឋធានីនៃរដ្ឋ Gezira បានឲ្យដឹងថា “កាលពីព្រឹកថ្ងៃសុក្រ កងជីវពល RSF បានបាញ់ផ្លោង និងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើភូមិ Alseriha នៃតំបន់ Al Kamlin” ។
គណៈកម្មាធិការខាងលើបានឲ្យដឹងទៀតថា “”ប្រជាពលរដ្ឋលើសពី៥៣នាក់នៅភូមិ Alseriha ត្រូវបានសម្លាប់ និងជាង២០០នាក់ផ្សេងទៀតបានរងរបួស ហើយក្នុងចំណោមពួកគេ មានអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានដាក់ថា គិតចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រ កងកម្លាំង RSF បានវាយលុកមកលើភូមិ Alseriha នៃតំបន់ Al Kamlin ភាគខាងជើងនៃរដ្ឋ Gezira ដោយបានដំឡើងអាវុធ និងកាណុងរបស់ខ្លួននៅលើកំពូលអគារខ្ពស់ ហើយបានចាប់ផ្តើមបាញ់ប្រហាររះទៅលើប្រជាពលរដ្ឋដែលគ្មានអាវុធ ។
ក្រសួងការបរទេសស៊ូដង់ បានចេញសេចក្តីថ្លែងការណ៍មួយដោយបានថ្កោលទោស “យុទ្ធនាការសងសឹក” របស់ កងកម្លាំង RSF ប្រឆាំងនឹងភូមិ និងទីក្រុងនៃរដ្ឋ Gezira ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា