ហ្សឺណែវ៖ កាលពីថ្ងៃសៅរ៍ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានព្រមាន អំពីស្ថានភាពមហន្តរាយនៅភាគខាងជើង នៃតំបន់ហ្គាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ជាមួយនឹង “ប្រតិបត្តិការយោធាដ៏ខ្លាំងក្លាកំពុងបង្ហាញឲ្យឃើញនៅបរិវេណ និងក្នុងមណ្ឌលថែទាំសុខភាព” ។
លោក Tedros Adhanom Ghebreyesus បានលើកឡើងនៅលើបណ្តាញសង្គម X ដោយព្រមានថា “ស្ថានភាពនៅភាគខាងជើងហ្គាហ្សា គឺជា មហន្តរាយ” ដោយបានព្រមានថា “កង្វះខាតការផ្គត់ផ្គង់ខាងផ្នែកវេជ្ជសាស្រ្ត រួមផ្សំដោយការចូលប្រើប្រាស់មានកម្រិតធ្ងន់ធ្ងរ កំពុងធ្វើឱ្យមនុស្សបាត់បង់ការថែទាំសង្គ្រោះជីវិត” ។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា លោកបានគូសបញ្ជាក់អំពី Kamal Adwan ដែលជាមន្ទីរពេទ្យដែលដំណើរការចុងក្រោយនៅភាគខាងជើងតំបន់ហ្គាហ្សា ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រ ។
ក្រសួងបានចោទប្រកាន់ថា ការវាយឆ្មក់មកលើទីតាំងនៅក្នុងជំរុំ Jabalia ជាកន្លែងដែលអ៊ីស្រាអ៊ែលបានចាប់ផ្តើមប្រតិបត្តិការដ៏ធំមួយកាលពីដើមខែនេះ បានធ្វើឱ្យកុមារ ០២នាក់ស្លាប់ ។
ក្រសួងបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអ៊ែល ថា បានឃាត់ខ្លួនបុគ្គលិករាប់រយនាក់ អ្នកជំងឺ និងជនភៀសខ្លួននៅក្នុងអំឡុងពេលវាយឆ្មក់នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា