ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ៖ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ជាច្រើន

ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ មានដើមកំណើតនៅកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស។

ការលើកឡើងរបស់ លោកស្រី រដ្ឋមន្ដ្រី ក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកស្រី ឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក​លោកស្រី​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម លោកស្រី រដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត។

លោកស្រី រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាន និងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP»។

មុននឹងបញ្ចប់ លោកស្រី រដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចពិភាក្សានេះឱ្យបានសកម្ម និងផុសផុលបំផុតដើម្បីអាចទាញយក នូវអត្ថប្រយោជន៍ជាអតិបរមាពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕

To Top