ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំ សោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែមានភាពស្រស់ស្អាត ជារឿងធំដែលក្នុងនាមជាអាជ្ញាធរ ត្រូវតែធ្វើអោយបានល្អបំផុត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ។
ការលេីកឡេីងរបស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីងក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយមិនអោយមានការលក់ដូរ នៅលើបណ្តោយផ្លូវមួយចំនួន ដែលមានទីតាំង នៅក្នុងព្រះរាជពិធីនេះផងដែរ ជាមួយនិងការពិនិត្យមើលអោយម៉ត់ចត់ ចំពោះ ការផ្ញើកង់ ម៉ូតូ ដោយអាជ្ញាធរខណ្ឌត្រូវតែម្ចាស់ការ ស្គាល់ និងដឹងច្បាស់ពីអត្តសញ្ញាណ អ្នកទទួលផ្ញើរ ជៀសវាង បាត់បង់ម៉ូតូបងប្អូនប្រជាពលរដ្ឋ គ្មានការទទួលខុសត្រូវ។
ក្នុងនោះ លោក អភិបាលរាធានីភ្នំពេញ បានអោយដឹងថា ការរៀបចំទីតាំង កីឡាករចំណុះទូកង ទាំងជាង២ម៉ឺននាក់ អោយស្នាក់នៅទីតាំងចំនួន២ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវនិងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វា គឺដើម្បីងាយស្រួល ក្នុងការការពារសន្តិសុខជូន។
កិច្ចប្រជុំនេះ ក៏បានគិតគូ ពីការរៀបចំបន្ទប់ទឹកអោយបានច្រើន ទីតាំងសំរាប់សង្គ្រោះ និងទីបញ្ជាការស្រាល ក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យ ការទប់ស្កាត់លំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួន ចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអនាថា ចោរលូកហោប៉ៅជាដើម ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង ក៏បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចលនាប្រជាពលរដ្ឋ ពិសេសម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូរ ត្រូវលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងនោះមានទូក ង ចូលរួមប្រកួនប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូក និងមានកីឡាករ ចំណុះទូក ប្រមាណជាង ២ម៉ឺននាក់ និងប្រទីបចំនួន ៣៥ប្រទីបខណៈឆ្នាំ២០២៣ មានចំនួនត្រឹមតែ ២៩ ប្រទីបប៉ុណ្ណោះ៕