ព័ត៌មានអន្តរជាតិ

អង្គការណាតូ​បញ្ជាក់​ថា ទាហាន​កូរ៉េ​ខាង​ជើង​ត្រូវបាន​ដាក់​ពង្រាយ​នៅ​តំបន់​ភាគ​ខាង​លិច​របស់​រុស្ស៊ី

ព្រុចសែល៖ អង្គការណាតូ បានបញ្ជាក់ថា កងទ័ពកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយអង្គភាពយោធាត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ភាគខាងលិចរបស់ប្រទេស ជាកន្លែងដែលអ៊ុយក្រែន កំពុងធ្វើការវាយប្រហារឆ្លងព្រំដែន ដែលជាសញ្ញាចុងក្រោយបំផុតនៃការចូលរួមកាន់តែខ្លាំងឡើងរបស់ទីក្រុងព្យុងយ៉ាងក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។  

អគ្គលេខាធិការណាតូលោក Mark Rutte បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីគណៈប្រតិភូមកពីកូរ៉េខាងត្បូងបានពន្យល់សង្ខេបអំពីក្រុមប្រឹក្សាអាត្លង់ទិកខាងជើង និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀតថា “ណាតូអំពាវនាវឱ្យរុស្ស៊ី និងកូរ៉េខាងជើងបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់”  ពោលគឺចលនា​ទ័ព​កូរ៉េខាងជើង។  

នៅក្នុងនោះដែរលោកក៏បានរិះគន់ទីក្រុងព្យុងយ៉ាងផងដែរសម្រាប់ការ “បញ្ឆេះជម្លោះដ៏ធំមួយនៅក្នុងបេះដូងនៃទ្វីបអឺរ៉ុប និងធ្វើឱ្យខូចដល់សន្តិភាព និងសន្តិសុខពិភពលោក” ដោយផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវ “គ្រាប់រំសេវរាប់លានគ្រាប់ និងមីស៊ីលផ្លោង” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក ដែលចេញផ្សាយដោយអង្គការណាតូ។

លោកបានបន្ថែមថា “ជាថ្នូរនឹងគ្នា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងផ្តល់ឲ្យកូរ៉េខាងជើងនូវបច្ចេកវិទ្យាយោធា និងការគាំទ្រផ្សេងទៀត ដើម្បីជៀសផុតពីទណ្ឌកម្មអន្តរជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top